បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ដែលវាយសម្លាប់ជនរងគ្រោះ យកសពញាត់ក្នុងលូ
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម វាយសម្លាប់ជនរងគ្រោះ យកសាកសពញាត់ក្នុងលូ នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨ ត្រូវកម្លាំងការិយាល័យជំនាញ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម (វាយសម្លាប់ជនរងគ្រោះ យកសាកសពញាត់ក្នុងលូ) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង២០នាទី នៅចំណុចភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅចំណុចដីឡូតិ៍ទំនេគ្មានលេខ ផ្លូវលំ ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី។
លោកនាយការិយាល័យ បានបន្តថា ជនសង្ស័យទាំង២នាក់ រួមមាន ទី១-ឈ្មោះ ឯក ចិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងពណ៌ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឯក ឡុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងពណ៌ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារចាប់យក គឺម៉ូតូម៉ាកហុងដា សេ១១០ ពណ៌ក្រហម គ្មានលេខតួ-លេខម៉ាស៊ីន និងគ្មានស្លាកលេខ។ ចំណែកជនរងគ្រោះឈ្មោះ ហួន ពេញ ហៅម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់ មុខរបរកម្មករសំណង់ និងយាមផ្ទះ ឲ្យគេស្នាក់នៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕