ប្តីផឹកស្រាស្រវឹងយកទឹកក្តៅជះប្រពន្ធ ពេលនាងស្តីបន្ទោសរឿងដើរលេងផឹកស៊ី
បាត់ដំបង៖ អ្នកក្លាហានជាប្តីដែលបានផឹកស្រាស្រវឹងយកទឹកក្តៅជះប្រពន្ធបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលស្រុកឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១៤ ខែតុលាឆ្នាំ២០១៨ វេលាម៉ោង១២៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ក្រោយប្រើអំពើហិង្សាលើប្រពន្ធ ដោយវាយដំនិងស្រោចទឹកក្តៅលើខ្លួន បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ខណៈនាងស្តីបន្ទោសរឿងដើរលេងផឹកស៊ីជាមួយមិត្តភក្តិ។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា កម្លាំងជំនាញនៃអធិការនគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យជាប្តីឈ្មោះ ឌិន ប្រុស ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ក្នុងករណីហិង្សាដោយចេតនាដោយវាយដំនិងស្រោចទឹកក្តៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ សិទ្ធ រស្មី ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ជនរងគ្រោះរងរបួសរលាកនៅត្រង់មុខខាងឆ្វេង ខ្នង និងជើងខាងឆ្វេង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុនៃករណីហិង្សាខាងលើ គឺបណ្តាលមកពីប្តីផឹកស្រាស្រវឹង ប្រពន្ធឃើញដូចនេះ ក៏បានណែនាំកុំឲ្យផឹកច្រើនពេក ប្តីបែរជាកំរោលចូល ខឹងប្រពន្ធ វាយនិងយកទឹកក្តៅ មកជះលើប្រពន្ធតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀប ចំសំណុំរឿងបញ្ជូន មកសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕