ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការពារជាតិអាមេរិក សោកស្ដាយ ដែលសមភាគីចិនបដិសេធ ចូលរួមកិច្ចប្រជុំ

81

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ដោយបដិសេធចូលរួមកិច្ចប្រជុំរវាងប្រមុខ ការពារជាតិអាមេរិក និងចិន គឺជារឿងគួរឱ្យស្ដាយ ខណៈបានរិះគន់នូវអ្វីដែលលោកផ្ទាល់ហៅថាជាទង្វើបង្កហេតុរបស់ចិនកាលពីពេលថ្មីៗនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

ទីក្រុងវ៉ាស៊ីនតោន បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) ចូលរួមក្នុងកិច្ចប្រជុំជាមួយលោក អូស្ទីន នាឱកាសដែលប្រមុខ ការពារជាតិនៃប្រទេសទាំង២ ចូលរួមវេទិកាសន្តិសុខមួយរៀបចំឡើងក្នុងប្រទេសសិង្ហបុរី នៅក្នុងសប្ដាហ៍នេះ។ ប៉ុន្តែ ខាងទីក្រុងប៉េកាំង បានសម្រេចចិត្ត បដិសេធជំនួបនេះ។ ថ្លែងចេញពីទីក្រុងតូក្យ ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនៅថ្ងៃព្រហស្បតិ៍ លោក អូស្ទីន បានចាត់ទុកការសម្រេចចិត្តរបស់ទីក្រុង ប៉េកាំងថាជារឿងគួរឱ្យស្ដាយ។

«អ្នកទាំងអស់គ្នា បានដឹងស្រាប់ហើយថាខ្ញុំធ្លាប់បាននិយាយជាច្រើនដងពីសារៈសំខាន់នៃការជជែកគ្នាទៅវិញទៅមករវាងប្រទេសធំៗ ដើម្បីអាចគ្រប់គ្រង ជម្លោះ និងបង្ការកុំឱ្យភាពតានតឹងរាលដាលចេញពីការគ្រប់គ្រងទាំងដែលមិនចាំបាច់»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន។

គួរបញ្ជាក់ថា លោក អូស្ទីន ក៏បានលើកឡើងផងដែរពីសកម្មភាពយន្ដហោះចម្បាំងចិន ហោះស្ទាក់ចាប់យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង​ នៅតំបន់សមុទ្រចិនខាងត្បូង កាលពីពេលថ្មីៗនេះ ដោយមើលឃើញថានេះជារឿងមួយគួរឱ្យព្រួយបារម្ភ៕

អត្ថបទដែលជាប់ទាក់ទង