ក្មេងប្រុសបង្ហោះហ្វេសប៊ុក បរិហារកេរ្តិ៍លោកស្នងការនគរបាលខេត្តបាត់ដំបង ត្រូវ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា
ក្មេងប្រុសបង្ហោះហ្វេសប៊ុក បរិហារកេរ្តិ៍ឧត្តសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានបង្រ្កាបឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១៦ខែតុលានេះ។
សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៨ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ ចំពោះថ្នាក់ដឹកនាំស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍ទោ អ៊ុច សុខុនដែលខ្លឹមសារទាំងនេះគឺជារឿង(មិនពិត) ហើយបានបង្កឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំស្នងការដ្ឋានក៏ដូចជា កងកម្លាំងនគរបាលជាតិទាំងមូល ។
ផ្តើមចេញពីបញ្ហានេះ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានចាត់វិធានការបញ្ជា ដល់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន ក្រុមការងារបណ្តាញសង្គម ចូលរួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល-កម្រិតធ្ងន់ -កម្លាំងបង្ការបង្រ្កាបនៃស្នងការដ្ឋាន -កម្លាំងនរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ -ស្រុកសង្កែ និងស្រុកមោងឬស្សីដឹកនាំ ស្រាវជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ រហូតដល់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៨បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ សុខ ធារៈ ហៅណុល កញ្ញាឬ បញ្ញាភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមរយៈភស្តុតាង ដែលសមត្ថកិច្ចប្រមូលបាន ជនសង័្សយខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានបង្កើតគណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) ហើយយករូបអ្នកផ្សេង ដែលខ្លួនមាន (គំនំជាមួយ) មកដាក់ក្នុងគណនីហ្វេសប៊ុក ធ្វើជាម្ចស់គណនី ហើយបង្ហោះខ្លឹមសារនិងរូបភាពបរិហារកេរិ្តចំពោះឧត្តសេនីយ៍ទោ អ៊ុច សុខុន ដើម្បីទម្លាក់កំហុស ទៅម្ចាស់គណនីហ្វេសប៊ុកនោះតែប៉ុណ្ណោះ ប៉ុន្តែទីបំផុតសកម្មភាពប្រឌិតរឿង ដើម្បីទម្លាក់កំហុស ទៅអ្នកដ៏ទៃនេះត្រូវបានសមត្ថកិច្ចនគរបាល បំបែកសំណុំរឿងវែកមុខឃើញហើយ។
ជនសង្ស័យរូបនេះ និងភស្តុតាងនានា ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕