ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួនមន្ត្រី​អាវុធហត្ថ​ម្នាក់​ ដែល​បាញ់​កម្លាំង​ប្រជា​ការពារ ​​បាក់ជើង

67

នៅរសៀល​ថ្ងៃទី​១៦តុលានេះ ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី​ភ្នំពេញ បានចេញដីកា​សម្រេច​ឃុំខ្លួនមន្ត្រី​អាវុធហត្ថ​ម្នាក់​ ដែល​បាញ់​កម្លាំង​ប្រជា​ការពារ​របួស​បាក់ជើង​ ដាក់ពន្ធនាគារ​ ក្រោម​ការចោទប្រកាន់​ពីបទ​ហឹ​ង្សា ​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់ទោស ​។

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស រូបនេះមានឈ្មោះ ឡាយ អ៊ឹងឃីង អាយុ២៧ស្នាក់នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះ ឈ្មោះ លី រតនៈ អាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២៖៣០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុច មុខផ្ទះល្វែង A4 តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ បណ្តាលឲ្យជនរងគ្រោះខាងលើ ត្រូវរបួសជើងខាងស្តាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារ បានចេញល្បាតតាមភូមិសាស្ត្រក្នុងមូលដ្ឋាន។ នៅពេលសមត្ថកិច្ច ល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងស្ទាវ ២ក្រុម កំពុងវាយតប់គ្នាតែនៅពេលសមត្ថកិច្ចទៅជួយអន្តរាគមន៍ ក្រុមក្មេងៗក៏បានឡើងជិះម៉ូតូរត់គេចខ្លួន។

ភ្លាមៗ នោះកម្លាំងក៏បានជិះម៉ូតូប្រដេញតាមចូលទៅតាមផ្លូវបេតុង (គ្មានលេខ) មុខផ្ទះល្វែង A4 ដែលជាកន្លែងកើតហេតុ ទើបឃាត់ម៉ូតូជនសង្ស័យបម្រុងឆែកឆេរ និងសួរនាំស្រាប់តែបុរសម្នាក់ ស្លៀកពាក់ស៊ីវិល និងមានសភាពស្រវឹងស្រា ហើយនៅដៃមានកាន់កាំភ្លើងខ្លី១ដើមម៉ាក Lock ពណ៌ខ្មៅ ចេញពីក្នុងផ្ទះបាញ់ចំនួនមួយគ្រាប់ ក៏ផ្អើលនគរបាលប្រាប់ឲ្យកម្លាំងពួនក្រាប រកកន្លែងមានសុវត្ថិភាពសិន និងរាយការណ៍តាមវិទ្យុទាក់ទងសុំកម្លាំងជួយអន្តរាគមន៍។

បន្តិចក្រោយមក ជនសង្ស័យបានបន្តបាញ់រះជាច្រើនគ្រាប់ រហូតអស់គ្រាប់ពីបង់កាំភ្លើង និងបណ្ដាលឲ្យប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ចំជើងរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យ​៕

អត្ថបទដែលជាប់ទាក់ទង