ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា សម្រេចបានទឹកប្រាក់សរុប ១,០៤ប៊ីលានដុល្លារ

214

ភ្នំពេញ៖ កាលពីឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា សម្រេចបានទឹកប្រាក់សរុប ១,០៤ប៊ីលានដុល្លារអាមេរិក ជាមួយអត្រាកំណើនប្រចាំឆ្នាំ គិតជាមធ្យម ១១%។ ក្នុងនោះ ទឹកប្រាក់នាំចេញពីកម្ពុជា ទៅកាណាដា មានចំនួន ១ប៊ីលានដុល្លារអាមេរិក និងនាំចូលមានចំនួន ៤០លានដុល្លារអាមេរិក។ ចំពោះផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំយានយន្ត គ្រឿងសង្ហារឹម ផ្លាស្ទីក ផលិតផលក្មេងលេង និងទំនិញកសិកម្ម

ប្រទេសកម្ពុជា និងកាណាដា បានឯកភាពបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ្វភាគី ដោយឈរមូលដ្ឋានឈ្នះ-ឈ្នះ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើរវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការិយាល័យទទួលបន្ទុកកិច្ចសម្រួលពាណិជ្ជកម្ម (TFO) នៃសាធារណរដ្ឋកាណាដា ហើយដែលបានផុតសុពលភាព កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។

ការឯកភាពបន្តកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួប លោករដ្ឋមន្ត្រី បានជម្រាបភាគីកាណាដា អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំកម្ពុជា ដែលបានមកពីការចូលរួមនៃវិស័យសំណង់ វាយនភណ្ឌ ទេសចរណ៍ និងកសិកម្ម។ នៅក្នុងនោះ ទឹកប្រាក់នៃឧស្សាហកម្មកាត់ដេរ (ឆ្នាំ២០១៧) មានចំនួនប្រមាណ ៧ប៊ីលានដុល្លាអាមេរិក ហើយឧស្សាហកម្មនេះ បានបង្កើតការងារជូនប្រជាជន ៧៦ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី នៅតាមតំបន់ជនបទ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្កិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រវិស័យវាយនភណ្ឌ តាមរយៈការបន្តស្វែងរកទីផ្សារសក្តានុពលបន្ថែម និងការបង្កើនប្រាក់បៀវត្សអតិបរមាជូនកម្មករ-និយោជិត ចាប់ពី ១៤០ដុល្លារ ក្នុងឆ្នាំ២០១៦ ដល់ ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ ហើយគ្រោងនឹងបង្កើនឱ្យបាន ១៨២ដុល្លារ នៅដើមឆ្នាំ ២០១៩ ខាងមុខថែមទៀត។

លោក ប៉ាន សូរស័ក្កិ បានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា បានអនុលោមតាមកាតព្វកិច្ចការងារ ដែលអង្គការ ILO បានកំណត់តាំងពីឆ្នាំ១៩៩៩ និងបានគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃរោងចក្រកម្ពុជា (Better Factory Cambodia) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារ និងការប្រកួតប្រជែងក្នុងវិស័យនេះ”។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត ដូនីកា ប៉ូទី បានកោតសរសើរអំពីកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់វិស័យវាយនភ័ណ្ឌ និងការស្វែងរកអត្ថប្រយោជន៍ជូនកម្មករ-និយោជិត នាពេលកន្លងមក។

លោកស្រីឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែង និងប្រកាន់និយាមការងារនេះបន្តទៀត ដើម្បីនាំមកនូវភាពឈ្នះ-ឈ្នះ ដល់គ្រប់តួអង្គពាក់ព័ន្ធ សម្រាប់ឧស្សាហកម្មមួយនេះ ហើយលោកជំទាវ នឹងពិនិត្យលទ្ធភាពជួយកៀរគរវិនិយោគិនកាណាដា ឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍឧស្សាហកម្មវាយនភ័ណ្ឌ និងការធ្វើទំនើបកម្មវិស័យកសិកម្ម នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង