ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សចំនួន ៨នាក់ ព្រួតវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហៅមកវាស់កម្ពស់

95

 

ភ្នំពេញ ៖ សិស្សចំនួន ៨នាក់ ព្រួតវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហៅមកវាស់កម្ពស់ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សទាំង០៨នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

សិស្សប្រុសស្រី ចំនួន៨នាក់ នៃវិទ្យាល័យជាស៉ីមសាមគ្គី ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនដើម្បីធ្វើការកិច្ចសន្យាអប់រំ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពវាយតប់គ្នាយ៉ាងអនាធិបតេយ្យ ហើយត្រូវបានគេចែកចាយវីដេអូពេញបណ្ដាញសង្គម និងនាំឲ្យមានការរិះគន់ជាបន្ដបន្ទាប់។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា សិស្សស្រី៧នាក់ និងសិស្សប្រុសម្នាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីពួកគេវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួសបែកក្បាល និងច្រមុះ និងថ្ពាល់របួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

ក្រោយពីធ្វើការសាកសួរចម្លើយសិស្សចំនួន៨នាក់ចប់សព្វគ្រប់ ដោយបានចូលរួមស្ដាប់ចម្លើយពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងលោក លន់ ស៊ីនន់ នាយករងសាលាវិទ្យាល័យ ជាស៊ីម សាមគ្គី និងដោយមានកិច្ចសម្របសម្រួលពីលោក សាន សុភះ ព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការអប់រំដល់សិស្សទាំង៨នាក់ខាងលើ ដែលស្ថិតនៅវ័យការសិក្សាប្រគល់ជូនលោក លន់ ស៊ីនន់ នាយករងសាលាវិទ្យាល័យ ជាស៊ីមសាមគ្គី ដើម្បីធ្វើការអប់រំបន្តនៅសាលា។

បច្ចុប្បន្នសិស្សទាំង០៨នាក់ខាងលើ ក្រោយពីបានធ្វើការដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់ព្រមទាំងមានការធានា ពីអាណាព្យាបាលនៅអធិការដ្ឋាន បានប្រគល់ជូនលោក លន់ ស៊ីនន់ នាយករង សាលាវិទ្យាល័យ ជាស៊ីម សាមគ្គី ដើម្បីអប់រំនៅសាលាបន្តនឹងបញ្ចប់។

គួរជម្រាបថា ករណីសិស្សសាលាប្រុសស្រីវាយតប់គ្នានេះ ត្រូវបានគេចែកចាយពេញបណ្ដាញសង្គម Facebook ហើយភ្ជាប់ជាមួយ ការរិះគន់ដែលធ្លាប់មកជាបន្ដបន្ទាប់។ មហាជនបានបង្ហាញនូវការព្រួយបារម្ភដោយសារយុវជនយុវតីមួយចំនួនហាក់ភ្លើតភ្លើន ជាមួយសង្គមបច្ចេកវិទ្យា ហើយភ្លេចគិតអំពីសីលធម៌នៃការរស់នៅប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង