នាយកឧត្តមសេនីយ៍ នាង ផាត ណែនាំអោយអាជ្ញាធរខណ្ឌទួលគោកយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោកនាយកឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី១ ថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោកបានណែនាំខ្ពស់ក្រុមអាជ្ញាធរនៅថ្នាក់មូលដ្ឋានយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការជួយដោះស្រាយនូវរាល់បញ្ហា និងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
លោកបន្តថា អាជ្ញាធរមិនត្រូវទុកបញ្ហារបស់ពលរដ្ឋចោលនោះទេ គឹត្រូវគិតគូរពិភាក្សាដើម្បីដោះស្រាយ ហើយប្រសិនបើរឿងណាផុតលទ្ធិភាព ឬដែនសមត្ថកិច្ចរបស់អាជ្ញាធរថ្នាក់ខណ្ឌ ត្រូវរាយការណ៍មកថ្នាក់លើបន្ថែម ដើម្បីបន្តរិះរកយន្តការណ៍ដោះស្រាយជូនពួកគាត់អោយខាងតែបាន ។
ការណែនាំបែបនេះរបស់លោកនាយកឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើង ក្នុងការបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅមហោស្រព ចេនឡា ស្ថិតក្នុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ
។
ពិធីនេះ ក៏មានការចូលរួមពីលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកជា ពិសី អភិបាលខណ្ឌទួលគោក ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរយនាក់ មកពីតាមបណ្តាសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោកផងដែរ។
លោក ម៉ែន សិរី បានមានប្រសាសន៍លើកឡើងថា៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣នេះ ធ្វើឡើង ក្រោមប្រធានបទចំនួន ៣ ដោយក្នុងនោះរួមមាន៖ ទី១ ការងារសន្តិសុខសណ្តាប់ធ្នាប់ ទី២ ការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ការងារបរិស្ថាន និងអនាម័យ រួមទាំងការងារអភិវឌ្ឍន៍
សហគមន៍ និងទី៣ ការងារផ្តល់សេវាសាធារណៈជូនប្រជាជនក្នុង មូលដ្ឋាន ។
នៅក្នុងវេទិកាខាងលើ អាជ្ញាធរ បានអនុញ្ញាត្តិអោយពលរដ្ឋដែលចូលរួម បានឡើងនិយាយដោយផ្ទាល់ ពីបញ្ហា និងទុក្ខលំបាកដែលកំពុងប្រឈម ឬក៏អាចសសេរលើក្រដាសដាក់ចូលក្នុងប្រអប់ព័ត៌មាន ដើម្បីអោយក្រុមការងារអាជ្ញាធរយកមកពិនិត្យ និងដោះស្រាយជូន ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏បានសម្តែងអារម្មណ៍ស្ងប់ស្ងែង និងកោតសសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ ។ ការអភិវឌ្ឍន៍នេះ គឺបានមកពីកត្តាសុខសន្តិភាព ហើយកត្តាសន្តិភាពគឺបានមកពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលសម្តេចជាប្រមុខថ្នាក់ដឹកនាំដ៏ឈ្នើម ដែលបានខិតខំស្វែងរកសន្តិភាពដោយភាពលំបាកជូនពលរដ្ឋ និងសង្គមជាតិទាំងមូល ៕