ប្រធានIPU អបអរសាទរសមិទ្ធផល និងការបោះឆ្នោតនៅកម្ពុជា
នៅពេលអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី ឃួន សុដារី អនុប្រធាន ទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Gabriela Cueva Barron ប្រធានសហភាព អន្តរសភា(IPU) នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
នាឱកាសនោះ លោកស្រី ឃួន សុដារី បានពាំនាំសារអបអរសាទរពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកជំទាវ ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែង ក្នុងឋានៈលោកជំទាវជាប្រធានសហភាពអន្តរសភា ដែលមានសមាជិកដល់ទៅ១៧៨ប្រទេសនៅ ទូទាំងពិភពលោកឆ្ពោះទៅរកភាពជោគជ័យ។
ជាមួយគ្នានេះ ប្រធានគណៈប្រតិភូសភាកម្ពុជា បានជម្រាប លោកស្រី Gabriela Cueva Barron ពីការបោះឆ្នោតជាសកលនៅកម្ពុជា កាលពី ខែកក្កដា ឆ្នាំ២០១៨ ដែលមាន គណបក្សនយោបាយ ចំនួន២០ បានប្រកួតប្រជែង ដែលបានបង្ហាញយ៉ាងច្បាស់លាស់ ពីគោលការណ៍សេរី ពហុគណបក្ស។
លោកស្រីបានគូសបញ្ជាក់ថា ការបោះឆ្នោតបានឆ្លុះបញ្ចាំងនូវភាពយុត្តិធម៌ ត្រឹមត្រូវ ដោយមានអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការ ប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។ មានអ្នកចូលរួមបោះឆ្នោតជិត៧លាននាក់ បើគិតជាភាគរយ៨៣.០២% នៃអ្នកចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសរុប។ អ្នកសង្កេតការណ៍អន្តរជាតិចំនួន៥៣៩នាក់ មកពីប្រទេសជាង៥០ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យ មើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
លោកស្រីឃួន សុដារី បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិ មួយក្តាប់តូច នាំគ្នាដើរបំភ្លៃការពិត បោកប្រាស់អន្តរជាតិ ក្នុងចេតនាយង់ឃ្នង ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែរីកចម្រើនឥតឈប់ឈរ ក្នុងកំណើនសេដ្ឋកិច្ច៧%ជាប្រចាំឆ្នាំ។
លោកស្រី ឃួន សុដារី ក៏បានអញ្ជើញលោកជំទាវប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧របស់វេទិកាសភាអាស៊ី-ប៉ាសុីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកជំទាវពិនិត្យអំពីស្ថានភាព របស់កម្ពុជាផងដែរ។
លោកស្រី Gabriela Cueva Barron បានឯកភាពការលើកឡើងរបស់ លោកស្រី ឃួន សុដារី និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨ បានបង្ហាញអំពីដំណើរការលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដនៅកម្ពុជា៕