រន្ទះបាញ់បុរស ម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតបានរង របួសធ្ងន់ស្រាល
ស្រុកព្រៃនប់៖ បុរស ម្នាក់បានស្លាប់នៅនឹងកន្លែង និង៣នាក់ផ្សេង ទៀតបានរង របួសធ្ងន់ស្រាល ដោយសារ រន្ទះបាញ់ ពេលដែលជនរងគ្រោះ ទាំង៤នាក់ ឡើងភ្នំរកកាប់ឈើ ស្របពេលដែលផ្ទៃមេឃមានផ្គររន្ទះ រកកលចង់ភ្លៀង នៅម៉ោងជិត១រសៀលថ្ងៃទី១៧តុលា២០១៨ នៅលើភ្នំមួយកន្លែងស្ថិតក្នុងភូមិ អូឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ។ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា អ្នករបួសធ្ងន់ម្នាក់ត្រូវ បានគេសែងចុះពីភ្នំដែល មានចម្ងាយឆ្ងាយពីផ្លូវជាតិ លេខ៤ ជាង៧គីឡូម៉ែត្រ ដើម្បីយកមកសង្គ្រោះ រីឯអ្នកស្លាប់ និងអ្នករបួសស្រាលបាន បញ្ជូនចុះពីភ្នំមក បន្តបន្ទាប់តាមក្រោយ ។
សមត្ថកិច្ចបានអោយដឹង ក្រោយពេលដែលសព និងអ្នករងរបួសបញ្ជូន មកដល់ផ្លូវជាតិលេខ៤ថា ជនរងគ្រោះដែល ត្រូវរន្ទះបាញ់ទាំង៤នាក់រួមមាន ទី១-ឈ្មោះឡែម ប្រុញភេទប្រុសអាយុ៣៥ឆ្នាំមុខរបរបើកបរ រស់នៅភូមិឃុំកើតហេតុ បានស្លាប់នៅនិងកន្លែង ។ ទី២-ឈ្មោះឡា ហ៊ាន ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរបើកបរ មានទីលំនៅដូចគ្នា រងរបួសធ្ងន់ ។ ទី៣-ឈ្មោះពាន់ ងក ភេទប្រុសអាយុ៣២ឆ្នាំមុខរបរកសិករ មានទីលំនៅដូចគ្នារបួសស្រាល ។ ទី៤-ឈ្មោះជន មឿន ភេទប្រុសអាយុ៣១ឆ្នាំមុខរបរកសិករមានទីលំនៅដូចគ្នារងរបួសស្រាល ។
ប្រភពពីពលរដ្ឋដដែលបានបន្ថែមថា ជនរងគ្រោះទាំ៤នាក់បានឡើងភ្នំ ដើម្បីកាប់ឈើ រួចក្នុងពេលមេឃរកភ្លៀង ជនរងគ្រោះទាំង៤នាក់បាន នាំគ្នាចូលជ្រកក្រោមដើមឈើដែលនៅក្បែនោះ រួចក៍ត្រូវរន្ទៈបានបាញ់ចំ កន្លែងដែលជនរងគ្រោះកំពុងជ្រក ។ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវគេជួយសង្គ្រោះតាមរយៈសែងដើរដោយថ្មើរជើង ប្រើពេលយូរម៉ោង ព្រោះទីតាំងកើតហេតុ មានចម្ងាយឆ្ងាយ គ្មានរថយន្តឬម៉ូតូចូលដល់ឡើយ ។ នេះជាបាតុភូតធម្មជាតិលើកទី១ សំរាប់រដូវវស្សារឆ្នាំនេះដែលមាន មនុស្សរងគ្រោះស្លាប់ និងរបួសដោយរន្ទះបាញ់ក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ៕