ក្មេងប្រុសម្នាក់ រត់គេចពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន ផ្លោះរបង ដៃកាន់ចំខ្សែភ្លើង ឆក់ស្លាប់
ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានស្លាប់នៅជាប់លើរបង ក្បែរបង្គោលអគ្គីសនី កាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរបងផ្ទះដីឡូតិ៍ ចាក់សោ ជាប់បណ្តោយផ្លូវ២៧១ ក្បែរក្រុមហ៊ុនភីស្សា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ ឆន មុនី អាយុ១៤ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ក្មេងប្រុសនេះ បានស្លាប់នៅលើរបងទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែង បន្ទាប់ពីរូបគេបានផ្លោះរបងចូលតាមរបងក្រោយផ្ទះ ហើយផ្លោះចេញមក តាមរបងខាងមុខ មិនបានប្រយ័ត្នក៏ជ្រុលយកដៃទៅប៉ះនឹងបង្គោលភ្លើងមួយដើមធំ ដែលកំពុងឆ្លង ចរន្តស្រាប់ បណ្តាលឲ្យឆក់ស្លាប់តែម្តង។
តាមការពិនិត្យជាក់ស្តែងឃើញថា សពជនរងគ្រោះ គឺត្រូវស្លាប់ដោយសារឆ្លងចរន្តភ្លើងប្រាកដមែន ដោយរូបគេបានយកដៃឲ្យប៉ះនឹង ដែករុំព័ទ្ធបង្គោលភ្លើង ដែលកំពុងមានចរន្តភ្លើងឆ្លងចេញពីកាប៊ីនភ្លើងមកផងដែរ ទើបបណ្តាលឲ្យឆ្លងបន្តទៅកាន់រូបគេ រហូតត្រូវឆក់ស្លាប់នៅលើមាត់ទ្វាររបងតែម្តង។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅចំណុចខាងលើផ្ទះកើតហេតុ គឺជាមាត់ប្រឡាយលូ និងជាតំបន់ប្រមូលផ្តុំដោយក្រុមក្មេងៗប្រើប្រាស់ថ្នាំញៀនផងដែរ ហើយនៅវេលាខាងលើ គឺមានការចុះបង្ក្រាបគ្រឿងញៀនពីសំណាក់សមត្ថកិច្ចជំនាញ ជាហេតុនាំឲ្យជនរងគ្រោះដែលកំពុងមានវត្តមាននៅទីនោះ មានការភ័យស្លន់ស្លោ ខ្លាចសមត្ថកិច្ចចាប់រូបគេដែរនោះ ក៏ព្យាយាមលោតចូលទឹកប្រឡាយលូ ហែលឆ្លងមកខាងក្រោយផ្ទះកើតហេតុ។
ហើយផ្លោះតាមទ្វាររបងខាងក្រោយ រួចផ្លោះឡើងតាមទ្វាររបងខាងមុខវិញដើម្បីរត់គេចខ្លួន តែអកុសល ពេលឡើងទៅដល់ ក៏ត្រូវប៉ះនឹងបង្គោលភ្លើងដែលកំពុងឆ្លងចរន្តភ្លើងផងនោះ ត្រូវឆក់រហូតបាត់បង់ជីវិតតែម្តងទៅ។ ដោយឡែកប្រភពផ្សេងទៀត បញ្ជាក់ថា នៅមុនពេលកើតហេតុ គេសង្គេតឃើញជនរងគ្រោះ រត់លេងធម្មតាទេ តែដោយសារពេលនោះរូបគេបានព្យយាមរត់គេចពីសត្វឆ្កែធំៗមួយហ្វូង ជាហេតុនាំឲ្យរូបគេត្រូវបង្ខំចិត្តផ្លោះរបងចូលទៅក្នុងផ្ទះគេ ហើយផ្លោះចេញមកវិញត្រូវឆក់ស្លាប់តែម្តងទៅ ។
ក្មេងប្រុសរូបនោះ ជាកូនប្រុសធម៌របស់អ្នកនាង ស៊ូ សារ៉ា ប្រធានក្រុមតារាបង្ហាញម៉ូត (Pop Model Cambodia) ។បន្ទាប់ពីហេតុការណ៍នេះមានការភ្ញាក់ផ្អើលរួច កម្លាំងសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារសាច់ញាតិមកទទួល ។ អ្នកនាង ស៊ូ សារ៉ា ក្រោយពីបានឃើញ សភាពសពជនរងគ្រោះក៏យំស្រែកបោកខ្លួនដង្ហោយហៅកូនអោយត្រឡប់មកវិញ។
យោងតាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុននិងមានការភ្ញាក់ផ្អើល គេបានឃើញកម្លាំងសមត្ថកិច្ចមួយក្រុម បានចុះមកទីតាំងខាងលើ មួយសន្ទុះមកក៏ស្រាប់តែជនរងគ្រោះខាងលើ មិនដឹងរត់ចេញពីកន្លែងណា ថែមទាំងខោរអាវសើមទទឹកជោក បានរត់ស្រវ៉េរស្រវ៉ា ស្ទុះមកប្លោះទ្វាររបងផ្ទះគេដែលបានចាក់សោជាប់ ស្រវ៉ាប្រឹងឡើង ស្រាប់តែរអិលជើង លូកទាញខ្សែភ្លើងដាច់ឆក់ស្លាប់មួយរំពេច។
ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ច ផ្នែកកោសល្យវិច័យ ធ្វើការត្រួតពិនិត្យសពយុវជនវ័យ១៤ឆ្នាំខាងលើ មានប្រើប្រាស់សារធាតុញៀនខ្លាំងថែមទៀតផង ទើបសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា យុវជនខាងលើអាចស្លាប់ បណ្តាលមកពីការប្រើប្រាស់ថ្នាំញៀន រហូតវង្វេងស្មារតី បណ្តាលឲ្យបែកអារម្មណ៍ ភ័យរត់គេចខ្លាចសមត្ថកិច្ចចាប់ខ្លួន ៕