ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្តែងនូវក្តីកង្វល់ដំណើរការ ពាក់ព័ន្ធ នឹងការព្យួរកម្មវិធីអនុគ្រោះពន្ធសព្វសារពើ លើកលែងតែគ្រឿងសព្វាវុធ

98


ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងនូវការអបអរសាទរ វាយតម្លៃខ្ពស់ និងឯកភាពទាំងស្រុង ចំពោះស្មារតី នៃលិខិតរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ផ្ញើទៅកាន់លោកស្រី Celilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយសម្តែងនូវក្តីកង្វល់ដំណើរការ ពាក់ព័ន្ធ នឹងការព្យួរកម្មវិធីអនុគ្រោះពន្ធសព្វសារពើលើកលែងតែគ្រឿងសព្វាវុធ ( EBAs)។
នេះជាសក្ខីភាពដែលបញ្ជាក់ជាសាកលយ៉ាងច្បាស់ថា ការដកហូត កម្មវិធីអនុគ្រោះពន្ធសារពើលើកលែងតែគ្រឿងសព្វាវុធ ជាការបង្កឲ្យមានផលវិបាក ដែលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្មយូរអង្វែង របស់សហភាពអឺរ៉ុបនៅកម្ពុជា។

លិខិតរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា ការព្យួរភាពអនុគ្រោះពន្ធ (EBAs) គឺជាការប្រថុយប្រថានមួយ នាំមកនូវផលប៉ះពាល់អវិជ្ជមានយូរអង្វែង គឺពិតជានឹងគំរាមដោយផ្ទាល់ ដល់សមត្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ច របស់អឺរ៉ុបនៅក្នុងប្រទេសកម្ពុជា និងប៉ះពាល់ដល់ជំហររបស់ សហភាពអឺរ៉ុបនៅក្នុងការលើកកម្ពស់របៀបវារៈ ពាណិជ្ជកម្ម និងឧត្តមានុវត្តភាពរបស់ខ្លួន ដែលវាធ្វើឱ្យមានប្រៀបប្រកួតប្រជែង នៃធុរកិច្ចអឺរ៉ុបធ្លាក់ចុះ។ ការព្យួរ ឬការដាក់ទណ្ឌកម្មលើកម្ពុជា នៅក្នុងយថាហេតុណាមួយ គឺមិនមែនជាឧត្តមគតិ ដូចកិច្ចសហប្រតិបត្តិការនោះទេ។

លិខិតរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី សភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន៥ស្ថាប័ននៅទ្វីបអឺរ៉ុបប្រចាំនៅកម្ពុជា ដែលក្នុងនោះមាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC) ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW) សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham)សមាគមធុរកិច្ចអ៊ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់នៅថ្ងៃទី១៥ ខែតុលា ផ្ញើជូនលោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។

លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ អំពីដំណើរការឆ្ពោះទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្មយូរអង្វែងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។

លិខិតរួមនោះបានបញ្ជាក់យ៉ាងដូច្នេះថា៖ យើងទទួលស្គាល់ថា ពេលនេះមិនទាន់មានការសម្រេចណាមួយ ត្រូវបានធ្វើឡើងដើម្បីព្យួរ ឬដកហូតឋានៈអនុគ្រោះ EBA ពីប្រទេសកម្ពុជានៅក្នុងឡើយទេ ហើយយើងនៅតែសង្ឃឹមថា នឹងមានការចរចាបន្តទៅទៀត ដើម្បីស្វែងរកឱ្យឃើញនូវវិធីកាន់តែប្រសើរ សម្រាប់ឆ្លើយតបទៅនឹងក្តីកង្វល់នានា របស់សហភាពអឺរ៉ុប។

សភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗទាំង៥ស្ថាប័ន បានបន្តទៀតថា៖ យើងខ្ញុំយល់ឃើញថា ការចាប់ផ្ដើមដំណើរការព្យូរភាពអនុគ្រោះ EBA ឬក៏ការដាក់ទណ្ឌកម្មជាឯកតតោភាគីមួយ រយៈពេលខ្លីណាមួយ អាចនាំមកនូវផលប៉ះពាល់អវិជ្ជមានយូអង្វែង ដែលវាមិនមែនជាឧបករណ៍មួយ មានប្រសិទ្ធភាពសម្រាប់កែលម្អដំណើរការប្រជាធិបតេយ្យឲ្យប្រសើរឡើង ដុចកិច្ចសហប្រតិបត្តិការទេ។ នៅក្នុងករណីប្រទេសកម្ពុជា ការព្យួរភាពអនុគ្រោះ EBA នឹងដើរផ្ទុយពីរបៀបវារៈពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប និងការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការបញ្ចូល ប្រទេសកំពុងអភិវឌ្ឍន៍ ទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោក និងផ្ទុយពីគោលការណ៍អឺរ៉ុប ក្នុងការប្រើប្រាស់ពាណិជ្ជកម្មជាវ៉ិចទ័រសំខាន់ សម្រាប់សាយភាព គុណតម្លៃប្រជាធិបតេយ្យ។ នេះជាទស្សនៈមួយដែលអ្នកតំណាងអន្ដរជាតិជាច្រើននាក់ ដែលធ្លាប់មានបទពិសោធន៍ផ្ទាល់ច្រើនឆ្នាំ ជាមួយប្រទេសកម្ពុជាយល់ឃើញដូចគ្នា។

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សូមឆ្លៀតឱកាសសុំជួបជាមួយលោកស្រី នៅក្នុងឱកាសសម័យប្រជុំកំពូលរវាង អាស៊ី-អឺរ៉ុប នៅទីក្រុងព្រុចសែល តាមពេលវេលាដែលលោកស្រី អាចអនុញ្ញាតឲ្យជួបបាន ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសកម្ពុជា និងក្ដីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុប៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖

អត្ថបទដែលជាប់ទាក់ទង