ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»

88
រាជធានីភ្នំពេញ៖​ នារសៀលថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ដែលបានសហការរៀបចំជាមួយក្លឹបអ្នកការសែតកម្ពុជា​ នៅថ្ងៃទី៣០​ ខែមិថុនា​ និងថ្ងៃទី៥​ ខែកក្កដា​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក ពុយ គាប្រធានក្លឹបអ្នកកាសែតកម្ពុជា និងសិក្ខាកាមជាអ្នកសារព័ត៍មានចំនួន ៥៦រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់សមាជិកក្លឹបអ្នកកាសែតកម្ពុជា អំពីកម្មវិធីទូរសព្ទសម្រាប់ជួយការងារ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យពួកគាត់អាចប្រកបវិជ្ជាជីវៈរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។​
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងមានចក្ខុវិស័យច្បាស់លាស់ក្នុងការជំរុញអក្ខរកម្មឌីជីថល​ និងបន្តជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ ការផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនដែលបានរំពឹងគិតថានឹងអាចតភ្ជាប់ដល់ គ្រប់ឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា នៅឆ្នាំ​ ២០២៧។ បន្ថែមលេីនេះ​ ក្រសួងបានរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ ពាក់ព័ន្ធនឹងសន្តិសុខឌីជីថល និងការការពារទិន្នន័យបុគ្គលជាដើម ដែលនេះជាមូលដ្ឋានគ្រឹះនៃសិទ្ធិទទួលព័ត៌មាន និងការចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពាក្យស្លោករបស់សម្តេចតេជោ ថា “អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ”​ និងបានណែនាំដល់អ្នកសារព័ត៌មាន គួរចៀសវាងការបង្កើតរាល់មាតិកាព័ត៌មានការដែលប៉ះពាល់ដល់ឯកជនភាពបុគ្គល និងសិទ្ធិអ្នកដទៃ។​

 

អត្ថបទដែលជាប់ទាក់ទង