ការដេញថ្លៃគម្រោងមូល និធិអភិវឌ្ឍន៍សង្កាត់ទាំង១០ ឆ្នាំ២០២៣របស់ខណ្ឌទួលគោកមាន១៥គម្រោង មានតម្លៃជាង១៩២៨លានរៀល
ភ្នំេពេញ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់១០សង្កាត់ របស់ខណ្ឌទួលគោកមានចំនួន១៥គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង១៩២៨លានរៀល ដែលគម្រោងទាំងនេះ មានទាំងការដាក់លូ,ស្តារលូ ,ការជួសជុលផ្លូវនិងរៀបការ៉ូឡាជាដើម។
ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ខាងលើនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៧ កក្កដាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍លើកឡើងថា៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ សម្រាប់ទាំង១០សង្កាត់ របស់ខណ្ឌទួលគោកមានចំនួន១៥គម្រោង តម្លៃប៉ាន់ប្រមាណជាង១៩២៨លានរៀល ក្នុងនោះរួមមាន៖ សង្កាត់ផ្សារដេប៉ូទី១ មាន១គម្រោង ដាក់លូប្រវែង៤២៣ម៉ែត្រ តម្លៃប្រមាណ១៥៨លានរៀល ។ សង្កាត់ផ្សារដេប៉ូទី២ មាន១គម្រោង ដាក់លូប្រវែង៤៤៥ម៉ែត្រតម្លៃប្រមាណ១៦៤លានរៀល ។ សង្កាត់ផ្សារដេប៉ូទី៣ មាន២គម្រោង គឺគម្រោងជួលជុលផ្លូវ១៦៣ម៉ែត្រ និងស្តារលូ២៦៩ម៉ែត្រ តម្លៃប្រមាណ១៥៤លានរៀល។ សង្កាត់ទឹកល្អក់ទី១ មាន២គម្រោង គឺគម្រោងរៀបការ៉ូឡា និងដាក់លូប្រវែង១៣៦ម៉ែត្រ តម្លៃប្រមាណ១៨១លានរៀល។ សង្កាត់ទឹកល្អក់ទី២ មាន១គម្រោង ដាក់លូប្រវែង៥៤៩ម៉ែត្រ តម្លៃប្រមាណ១៧៧លានរៀល។សង្កាត់ទឹកល្អក់ទី៣ មាន១គម្រោង ដាក់លូប្រវែង៦៦២ម៉ែត្រ តម្លៃប្រមាណ២២៩លានរៀល។ សង្កាត់បឹងកក់ទី១មាន១គម្រោង ដាក់លូប្រវែង៥៦២ម៉ែត្រ តម្លៃប្រមាណ១៨៨លានរៀល។ សង្កាត់បឹងកក់ទី២ មាន៣ម្រោង ជួសជុលផ្លូវបេតុងប្រវែង៦០ម៉ែត្រដាក់លូប្រវែង៥០៨ម៉ែត្រ និងស្តារលូប្រវែង៦០០ម៉ែត្រតម្លៃប្រមាណ២៤១លានរៀល។ សង្កាត់ផ្សារដើមគរមានមួយគម្រោង ជួសជុលផ្លូវ៩២ម៉ែត្រ តម្លៃប្រមាណ១៨១លានរៀល ។សង្កាត់បឹងសាឡាង មាន២គ្រោង ជួសជុលផ្លូវបេតុងប្រវែង៥៩ម៉ែត្រនិងដាក់លូប្រវែង៦១៤ម៉ែត្រ តម្លៃប្រមាណ២៤៣លានរៀល ។ សរុបទាំង១០សង្កាត់ ក្នុងចំនួន១៥គម្រោងនេះ មានទឺកប្រាក់ប៉ាន់ស្មានប្រមាណជាង១៩២៨លានរៀល។
លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ វាជាការចូលរួមរបស់វិស័យឯកជនតាមរបៀបប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះ លោកហួត ហៃបានធ្វើការណែនាំអោយលោកចៅទាំង១០ និងមន្ត្រីពាក់ព័ន្ធត្រូវតាមដាន គុណភាពគម្រោង តាំងពីពេលអនុវត្តគម្រោងរហូតដល់ ការអនុវត្តគម្រោងត្រូវបានបញ្ចប់១០០% ព្រោះថា ថវិការបស់រដ្ឋច្រើនណាស់បានទំលាក់មកអោយថ្នាក់សង្កាត់ទាំង១០នេះ ដែលមានប្រមាណ៥០ម៉ឺនដុល្លារ៕