ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានគយ ៖ ប៉ូលីសសេដ្ឋកិច្ចម្នាក់ ផ្ទុះអាវុធកាងទំនិញពីប្រទេសវៀតណាមចូលកម្ពុជា នៅភូមិសាស្ត្រទឹកដីខេត្តតាកែវ ត្រូវតុលាការឃុំខ្លួន

60

 

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញរបាយការណ៍ថា ជនបង្កហេតុមានតួនាទីជាមន្ត្រីនគរបាលសេដ្ឋកិច្ចម្នាក់ ដែលបានផ្ទុះអាវុធ រារាំងសមត្ថកិច្ចគយ និងជាពិសេសការផ្ទុះអាវុធមកលើសមត្ថកិច្ចគយ កំពុងអនុវត្តច្បាប់ បង្ក្រាបទំនិញពីប្រទេសវៀតណាម ចូលមកកម្ពុជា ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងតុលាការខេត្តតាកែវ ចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន។

បើតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាលស្ដីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ។ កិច្ចការនេះមានសារសំខាន់សំដៅបង្កើនបរិយាកាសឱ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម (បង្ក្រាបការរត់ពន្ធគ្រឿងញៀននិងទំនិញខូចគុណភាព…) ជាដើម។ ជាក់ស្ដែង កាលពីដើមសប្ដាហ៍ទី១នៃខែកក្កដា អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ពិសេស បានចុះប្រតិបត្តិការបង្ក្រាបទំនិញរត់គេចពន្ធនៅតាមគោលដៅមួយចំនួន ដោយបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន ១១ គ្រឿង ដែលមានទម្ងន់សរុប 69,520.00 គីឡូក្រាម និងមានប្រាក់ពន្ធ និងអាករប៉ាន់ស្មាន រួមទាំងពិន័យបទល្មើសនឹងច្បាប់ស្ដីពីគយមានប្រមាណជាង 400 លានរៀល ។

នាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ មានឧបទ្ទវហេតុប្រឈមមួយ ដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន ៣ គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន ៥ គ្រាប់ សំដៅលើសមត្ថកិច្ចគយដើម្បីរំដោះរថយន្ដ ១គ្រឿងដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក) ពីសមត្ថកិច្ចគយ។ ដោយពេលយប់ងងឹត និងដើម្បីសុវត្ថិភាព សមត្ថកិច្ចគយបានផ្អាកការប្រដេញរថយន្តនោះ ហើយជនប្រដាប់អាវុធទាំងនោះបានរំដោះ និងនាំយករថយន្តដឹកទំនិញគេចពន្ធនោះទៅបាត់។

ដោយការរារាំងសមត្ថកិច្ចគយ និងជាពិសេសការផ្ទុះអាវុធមកលើសមត្ថកិច្ចគយកំពុងអនុវត្តច្បាប់ ជាបទល្មើសធ្ងន់ធ្ងរ មន្ត្រីគយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសម្ថកិច្ចខេត្តតាកែវ ហើយដោយមានការគាំទ្រ និងយកចិត្តទុកដាក់ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនបង្កហេតុផ្ទុះអាវុធមកលើសមត្ថកិច្ចគយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងតុលាការខេត្តតាកែវចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន។

សូមរំលឹកថា មន្ត្រីនគរបាលសេដ្ឋកិច្ចម្នាក់ដែលជាអ្នកកាងទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា ភូមិសាស្ត្រខេត្តតាកែវត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយកំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែ កក្កដា ២០២៣ ។

មន្ត្រីនគរបាលរូបនេះបានផ្ទុះអាវុធ និងកាងទំនិញ បង្កឱ្យភ្ញាក់ផ្អើលនិងប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ដោយរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណ: និងប្រេីប្រាស់អាវុធដោយខុសច្បាប់។ ជនបង្កឈ្មោះ ណុប សំបូរ ភេទ ប្រុសអាយុ៣១ឆ្នាំនាយរងការិយាល័យនគរបាលប្រឆាំង បទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានទីលំនៅភូមិកំពង់អំពិល ឃុំ-ស្រុកបូរីជលសារ ខេត្ត តាកែវ ជិះរថយន្ត១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1BY -9899 បានធ្វើសកម្មភាពរារាំង (បិទគូថ) និងបានដកកាំភ្លើងខ្លីបាញ់ចំនួន៥គ្រាប់ ដើម្បីគំរាមដល់កម្លាំងគយចុះបង្ក្រាបទំនិញគេចពន្ធនាំចូល។

លុះមកដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកស្នងការ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យ ចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ បានរកឃើញសម្បកគ្រាប់កាំភ្លើងពណ៌ទឹកប្រាក់ចំនួន១គ្រាប់។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឈ្មោះ ណុប សំបូរ រួមជាមួយវត្ថុតាងកាំភ្លើងខ្លីម៉ាកGLOCK លេខDZH980 គ្រាប់កាំភ្លើងចំនួន១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់) បង់កាំភ្លើងចំនួន១ និងរថយន្ត១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1BY-9899 យកមកសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី។

គួររំលឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងបានណែនាំជារឿយៗ ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគាំទ្រដល់សមត្ថកិច្ចគយ និងពន្ធដារក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីកៀរគរចំណូលថវិកាជាតិ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពាវនាវដល់អាជីវករ និងពាណិជ្ជករ សូមចូលរួមបំពេញកាតព្វកិច្ចពន្ធនិងអាករតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងបន្តអនុវត្តវិធានការទប់ស្កាត់ និង បង្ក្រាបអំពើរត់គេច និងបន្លំពន្ធ ដូចភ្លៀងរលឹមស្របតាមខ្លឹមសារយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល បទបញ្ជាលេខ ០១ បប និងឯកសារពាក់ព័ន្ធដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង