កូនផ្សោតទើបកើតថ្មី កំពុងហែលជាមួយផ្សោតពេញវ័យ នៅអន្លង់កាំពី
ក្រចេះ ៖ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចអន្ទង់វៀន នៃ អន្លង់កាំពី។
តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន ០៩ក្បាលទៀត។
ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៥ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ។
ចំណាំ៖ នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និង នៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល ៕