ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ តាមដីកាបង្គាប់អោយចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

99


បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៣ច.ខ/ង ដោយលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ដោយទទួលបានបទបញ្ជា និងវិធានការអនុវត្តន៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៣ច.ខ/ង ដោយលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដោយមានការសម្របសម្រួលពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ សៀន សុផា ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងធ្វើការឆែកឆេរក្នុងផ្ទះរបស់ជនសង្ស័យ បានរឹបអូសវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១៤កូនថង់កឹប និង ០២ថង់ធំ ស្មើ ៧៥.៥ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ៩៩៦គ្រាប់ -ទូរស័ព្ទដៃ ចំនួន ១គ្រឿង -ខ្សែកលោហធាតុពណ៌លឿង ចំនួន ១ខ្សែ ប្រវែង ១៩ស.ម -ក្រវិលលោហធាតុពណ៌សដាំត្បួង ចំនួន ១គូរ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ១សន្លឹក -កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិជាបានប្រកបរបរជួញដូរសារធាតុញៀន មួយរយៈមកហើយ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំងខាងលើ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ។ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង