នៅស្រុកសំបូរ ពុលស្រាទៀតហើយ ស្លាប់៣នាក់ និងរបួសជាង ៣០នាក់
ក្រចេះ៖ ប្រជាពលរដ្ឋបានទទួលទានស្រាសដែលបិទនៅក្នុងភូមិ បណ្តាលឲ្យ៣នាក់បានស្លាប់ភ្លាមៗ និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋ បានច្រូតស្រូវរួច កាលពីរសៀលថ្ងៃទី១៨ ខែតុលា ហើយបាននាំគ្នាផឹកស្រាស។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ ក្នុងសភាពណែនដើមទ្រូង ថប់ដង្ហើមនិងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។
អាជ្ញាធរសង្ស័យថា ពុលស្រាសនេះ អាជ្ញាធរបានឃាត់ខ្លួន ម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិនោះដើម្បីសាកសួរ។
ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ដឹកជញ្ជូនជនរងគ្រោះជាង៣០នាក់ ទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕