កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីបន្ត ជាមួយលោក លី ខឺឈាង (Li Keqiang)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ជាបន្តទៀត។
ក្នុងជំនួបពិភាក្សាគ្នានោះ លោក Li Keqiang បានមានប្រសាសន៍អបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត។ លោកមានប្រសាសន៍បន្តថា លោកចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ចិន កាន់តែបោះជំហានទៅមុខខ្លាំងក្លាឡើងថែមទៀត។ សម្តេចតេជោបានរំលឹក ជូនលោកនាយករដ្ឋមន្រ្តីចិន អំពីដំណើរនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការដឹកនាំកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាង នៅកម្ពុជាកាលពីពេលកន្លងមក។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីចិន ពីការដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលតាមរយ:នោះ សម្តេចសូមគោរពអញ្ជើញ នាយករដ្ឋមន្រ្តីចិន ចូលរួមក្នុងកិច្ចប្រជុំកំពូលនោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរ នូវមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសលើទំនាក់ទំនងចិន អាស៊ាន ក្នុងនោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លងមកចិនបានផ្តល់កូតានាំចេញអង្ករពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន៣០ម៉ឺនតោន។
លោកនាយករដ្ឋមន្រ្តីចិន បានមានប្រសាសន៍ថា ចិនតែងតែគាំទ្រប្រទេសកម្ពុជា ពិសេសការគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្តថា ចិននឹងបន្តគាំទ្រដល់ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ជាបន្តបន្ទាប់ទៀត៕