ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ តុលា នេះ

95

ភ្នំពេញ ៖ រដ្ឋលេខាធិការដា្ឋនអាកាសចរស៊ីវិល កំណត់ថ្ងៃបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣នេះ ខណៈមន្ត្រីជំនាញ រំពឹងថា ព្រលានយ
ន្តហោះថ្មីនេះ និងជួយទាក់ទាញបាននូវភ្ញៀវទេសចរបរទេសបន្ថែម រួមនឹងអាចទទួលបាននូវអ្នកដំណើរបានប្រមាណ ៧លាននាក់ក្នុងដំណាក់កាលដំបូង និងប្រមាណ ១០លាននាក់នៅឆ្នាំ២០៣០មុខ ។
យោងតាមរដ្ឋលេខាធិការដា្ឋនអាកាសចរស៊ីវិល បានបញ្ជាក់ថា ព្រលានយន្តហោះសៀមរាប-អង្គរ តម្លៃជិត៩០០លាន ដុល្លារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣នេះ ដោយគ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (Siem Reap International Airport–REP) បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។

បើតាមការរំពឹងទុកពីមន្ត្រីជំនាញ ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ នឹងទទួលបានភ្ញៀវទេសចរកើនឡើងប្រមាណ១០%បន្ថែម ក្នុងវិសាលភាពដែលអាចផ្ទុកអ្នកដំណើរបានប្រមាណ ៧លាននាក់។
អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា៖ ដឹងថា បើគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ នឹងក្លាយជាសមិទ្ធិផលថ្មី ដែលជួយទាក់ទាញ បាននូវភ្ញៀវទេសចរបរទេសបន្ថែម ជាមួយនឹងកំណើនភ្ញៀវទេសចរប្រមាណ ៥-៦លាននាក់ នាចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ តាមការរំពឺងទុករបស់ក្រសួងទេសចរណ៍។
លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា៖ បច្ចុប្បន្នព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ កំពុងស្ថិតក្នុងដំណាក់ កាលហោះហើរសាកល្បងផ្ទៃក្នុង ហើយក្រោយបើដំណើរការជាផ្លូវការ នឹងជំនួសបានទាំងស្រុងនៃព្រលានយន្តចាស់ក្នុងខេត្តសៀមរាប ពោលគឺអាចអោយយន្តហោះខ្នាតធំចុះចតបាន និងមានវិសាលភាពធំជាងព្រលានចាស់។

គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់ឡើងក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារ ចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០។ ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ នៅក្នុងមួយឆ្នាំ។ ព្រលាននេះ ស្ថិតក្នុងគម្រោងកិច្ចព្រមព្រៀងវិនិយោគ BOT រយៈពេល៥៥ ឆ្នាំ។ ព្រលាននេះមានចម្ងាយ ប្រមាណ៥១ គីឡូម៉ែត្រ ពីទីរួមខេត្តសៀម រាប។ ហើយបើតាមការរំពឹងទុកពីមន្ត្រីជំនាញ ព្រលានយន្តហោះថ្មីនេះ នឹងអាចឈានទៅផ្ទុកអ្នកដំណើរបានប្រមាណ ១០លាននាក់នៅឆ្នាំ២០៣០មុខ ក្នុងដំណាក់កាលបន្តបន្ទាប់។
លោក ថោង ខុន បានបញ្ជាក់ដែរថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួង/ប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។

នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន៥៤៨កន្លែង ស្មើនឹង៤៦% នៃអាជីវកម្មទេសចរណ៏សរុបក្នុងខេត្តមានចំនួន១១៨៧កន្លែង។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណពី ៣-៤លាននាក់ ដែលរួមមានភ្ញៀវទេសចរចិនប្រហែលជា ៨០ម៉ឺនទៅ ១លាននាក់។ បន្ថែមពីនេះ កម្ពុជា ក៏រំពឹងថាភ្ញៀវទេសចរចិនប្រមាណជាជិត៣០ភាគរយ នៃភ្ញៀវទេសចរ ចិនសរុប នឹងមកទស្សនាខេត្តសៀមរាប ខណៈឆ្នាំ២០២២ ខេត្តសៀមរាបទទួល បាន ទេសចរចិន ១៨ ៧៦៣នាក់ កើន ឡើង២៣៧.១៦ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅ លំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប ៕ . សំរិត

 

អត្ថបទដែលជាប់ទាក់ទង