ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌដង្កោស្ថាបនាផ្លូវបេតុងថ្មី៤ខ្សែជូនប្រជាពលរដ្ឋសង្កាត់គងនយ និងសង្កាត់ទៀនងាយស្រួលធ្វើដំណើរ

77

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោក លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ មេភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ៤ខ្សែ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ប្រវែងសរុប ១៣៦៨ម៉ែត្រ ស្ថិតក្នុងសង្កាត់រលួស សង្កាត់គងនយ និងសង្កាត់ទៀនងាយស្រួលធ្វើដំណើរទៅមក។
មន្ត្រីជំនាញបានឱ្យដឹងថា៖ផ្លូវបេតុងទាំង៤ខ្សែ រួមមានប្រវែងសរុបចំនួន១៣៦៨ម៉ែត្រ ក្នុងនោះខ្សែទី១ ប្រវែង ៥៣៦ម៉ែត្រនិងនិង ទទឹងប្រវែង៤ម៉ែត្រ ក្នុងភូមិកណ្តាល សង្កាត់រលួស ខ្សែទី២ ប្រវែង ២៩៥ម៉ែត្រ និងទទឹងប្រវែង ៤ម៉ែត្រ ក្នុងភូមិត្រពាំងសំរឹត សង្កាត់គងនយ ខ្សែទី៣ ប្រវែង ១១៦ម៉ែត្រ និងទទឹងប្រវែង ៤ម៉ែត្រ ក្នុងភូមិថ្មី សង្កាត់ទៀន និងខ្សែទី៤ ប្រវែង ៤២១ម៉ែត្រ និងទទឹងប្រវែង ៤ម៉ែត្រ ក្នុងភូមិក្រាំងក្រូច សង្កាត់ទៀន។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានលើកឡើងថា៖ ថ្ងៃនេះរដ្ឋបាលខណ្ឌដង្កោបើកការដ្ឋាន ស្ថាបនាផ្លូវចំនួន៤ខ្សែជូនប្រជាពលរដ្ឋងាយ ស្រួលក្នុងការធ្វើដំណើរទៅមកហើយផ្លូវបេតុងថ្មីទាំង៤ខ្សែ នៅក្នុងសង្កាត់ទាំង២គឺសង្កាត់គងនយនិងសង្កាត់ទៀននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ បញ្ជៀសការលិចលង់ ព្រមទាំងផ្តល់សោភណ្ឌភាពនៃការរស់នៅផងដែរ។
ក្នុងឱកាសនោះដែរលោកអភិបាលដង្កោក៏បានណែនាំដល់ក្រុមហ៊ុន ទទួលអនុវត្តគម្រោងខាងលើត្រូវយកចិត្តទុកដាក់ អនុវត្តគម្រោងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងលូ ដើម្បីឲ្យផ្លូវ លូនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង៕


អត្ថបទដែលជាប់ទាក់ទង