ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនមនុស្សប្រុសស្រី៩នាក់ ករណីផ្ទុះអាវុធកន្លងមក ក្នុងខេត្តសៀមរាប

88


លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែ ខែតុលា ឆ្នាំ២០១៨នេះ កងកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ក្នុងនោះមានស្រីម្នាក់ នៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន២គ្រាប់ កាលពីវេលាម៉ោង២៣ ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៨ នៅចំណុចភូមិភ្ញារជ័យ ក្នុងសង្កាត់ស្វាយដង្គុំ​ ខណៈពេលក្រោយពីមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់ជនបង្ក ។

ជនសង្ស័យដែលឃាត់ខ្លួន រួមមាន : ១. ឈ្មោះ ពៅ វណ្ណៈ ហៅបារាំង ហៅកុត ភេទប្រុស ជាជនដៃដល់បាញ់បោះសេរី អាយុ២៦ឆ្នាំ , ២. ឈ្មោះ ហ៉ីង សុខផាន់ណា អាយុ២២ឆ្នាំ , ៣. ឈ្មោះ បេ គឹមសុង អាយុ១៨ , ៤. ឈ្មោះ វណ្ណ ដារ៉ា ភេទ ប្រុស អាយុ១៩ឆ្នាំ , ៥. ឈ្មោះ ម៉ាន់ គឹមរី ភេទប្រុស អាយុ ៣០ឆ្នាំ , ៦. ឈ្មោះខា ប៉ក់ ភេទប្រុស អាយុ២៧ឆ្នាំ , ៧. ឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ៣៤ឆ្នាំ , ៨. ឈ្មោះ ស្រី ណារី ភេទស្រី អាយុ ២១ឆ្នាំ និង ៩. ឈ្មោះ ព្រហ្ម គីរីរតន:សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ដែលជនសង្ស័យទាំងនេះ រស់នៅក្រុងសៀមរាប ។

លោក ភឹង ចិន្តារ៉េត មានប្រសាសន៍ទៀតថា បន្ទាប់ពីចាប់ឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន រួមមាន : រថយន្តម៉ាកកាមរីបាឡែន ចំនួន០១គ្រឿង , ម៉ូតូចំនួន០៣គ្រឿង , កាំភ្លើងអាកា ៤៧ មួយដើម បង់ដាក់គ្រាប់ចំនួន០១ , គ្រាប់កាំភ្លើងចំនួន ១១គ្រាប់ , ម្សៅក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ធំ និង២៣ កញ្ចប់តូច , ដាវ , កាំបិត និងបំពង់ទីប ធ្វើដែកជាច្រើនដើម និង ទូរស័ព្ទចំនួន ១១ គ្រឿង ហើយជនទាំង០៩នាក់នេះ នឹងត្រូវបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះ ដើម្បីចាត់ការតាមច្បាប់ ។

លោកភឹង ចិន្តារ៉េត បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត នេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួនបីករណីផ្សេងបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង