សម្តេចតេជោ អំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធឲ្យរក្សាការអត់ធ្មត់ ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង
ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក៖ សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដែរថា កម្ពុជាបន្តអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យរក្សាការអត់ធ្មត់និងបន្តប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយ ស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងសម្រេចបានការរំសាយទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យបាន និងមិនវិលត្រឡប់ថយក្រោយឡើយ នៅលើឧបទ្វីបកូរ៉េ។
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ម៉ោងទៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី12 ស្តីពីអឺរ៉ុប និងអាស៊ី : ដៃគូសកលសម្រាប់ដោះស្រាយបញ្ហាប្រឈមសកល ក្រោមប្រធានបទ៖ កសាអនាគតជាមួយគ្នា : ការលើកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព។
ពិធីបើកកិច្ចប្រជុំកំពូលនោះ គឺមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃបណ្តាមេដឹកនាំនៃប្រទេសអាស៊ី អឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងយោបល់ទៅលើរបៀបវារៈ ដែលបានគ្រោងទុក។
កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប គឺជាក្របខ័ណ្ឌដ៏សំខាន់មួយ ដើម្បីបង្កើតឱ្យមានការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈម ផ្នែកសន្តិសុខ ដែលកំពុងកើតមានរួមទាំងការមិនរីកសាយអាវុធភេរវកម្ម សុវត្ថិភាពប្រពន្ធ័អ៊ិនធើណេត និងការធ្វើចំណាកស្រុកមិនទៀងទាត់នៅ ក្នុងតំបន់ និងទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលនេះ នឹងរៀបចំសម័យប្រជុំពេញអង្គចំនួនពីរ ដែលគ្របដណ្តប់លើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាប្រឈមជាសកល និងទម្រង់ការចាកចេញ ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលគួរតែអនុញ្ញាតឱ្យមានទស្សនៈផ្លាស់ប្តូរគ្នាដោយត្រង់ នៅក្នុងបរិបទដែលរឹតបន្តឹង និងមិនផ្លូវការ។ ជាទម្លាប់ព្រឹត្តិការណ៍ធំៗបួនត្រូវបានធ្វើឡើងនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដើម្បីបង្កើនការសន្ទនាដែលពាក់ព័ន្ធនឹង (១) អាជីវកម្មដើម្បីអាជីវកម្ម (២) ប្រជាជន និងប្រជាជន (៣) អ្នកតំណាងរាស្រ្តនិង (៤) យុវជន ហើយលទ្ធផលនៃព្រឹត្តិការណ៍ទាំងនេះ នឹងត្រូវដាក់បញ្ជូលនៅក្នុងកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំ។
នៅក្នុងរបៀបវារៈដែលបានគ្រោងទុក ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីអឺរ៉ុប បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើចំណុចមួយចំនួននៃប្រធានបទពិភាក្សា ក្នុងនោះទី១-របៀបវារ:ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងគោលដៅអាទិភាពទាំង១៧ បានផ្តល់នូវក្របខណ្ឌសម្របសម្រួលរួមមួយ សម្រាប់គ្រប់ប្រទេសរួមគ្នាដោះស្រាយ លើបញ្ហាប្រឈមសកលសំខាន់ៗ ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់ប្រទេសនីមួយៗ ក្នុងការជំរុញកំណើន ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សមធម៌ យ៉េនឌ័រ និងការផ្តល់សិទ្ធអំណាចដល់ស្រ្តី ជាពិសេសការរក្សាសន្តិភាព និងស្ថេរភាព។
មេដឹកនាំទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសារ:សំខាន់ នៃការតភ្ជាប់អាស៊ី អឺរ៉ុប ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងវិស័យថ្មីៗទៀត ដូចជាវិស័យពន្ធដារ ការធ្វើឌីជីថលលូបនីយកម្មសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលគម្បីត្រូវផ្សារភ្ជាប់ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដោយមិនត្រូវទុកឲ្យអ្នកណាម្នាក់ ត្រូវបានបោះបង់ចោលនោះទេ។ ទី២-ការជំរុញកំណើនប្រកបដោយបរិយាប័ន្ន សំខាន់បំផុត ទាមទារឲ្យមានសន្តិភាព និងសន្តិសុខជាមុន និងទី៣សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ី អឺរ៉ុបដទៃទៀតដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថានៅក្នុង ពិធីបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ ពិធីពិសារអាហារថ្ងៃត្រង់ ក្នុងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១២ ដោយបានធ្វើការគូសបញ្ជាក់ថា កម្ពុជាសូមសំដែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍ជាវិជ្ជមានថ្មីៗនៅឧបទ្វីបកូរ៉េ ជាពិសេសកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តទាំងនោះ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យនៃភាពធូរស្រាល អំណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើៗនូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា ច្បាស់ណាស់ថា ដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិតនៅលើផ្លូវមួយវែងឆ្ងាយនៅឡើយ និងទាមទារឲ្យមានការអត់ធ្មត់ពីសំណាក់ ប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក។ កម្ពុជាជឿជាក់ថា អភិក្រមបដិការគួរតែត្រូវបានប្រកាន់យកឲ្យបានខ្ជប់ខ្ជួន ហើយភាគីទាំងពីរគួរតែធ្វើការជាមួយគ្នា ក្នុងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់រវាងគ្នានិងគ្នាទៅវិញទៅមក។ យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងឆន្ទះរបស់អាមេរិក និងកូរ៉េទាំងពីរ ជាពិសេសគោលនយោបាយថ្មីរបស់សាធារណរដ្ឋកូរ៉េ ដើម្បីឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព។
សូមបញ្ជាក់ដែរថា នៅក្នុងពិធីបិទបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី ១២ បណ្តាមេដឹកនាំនៃប្រទេសអាស៊ី អឺរ៉ុបទាំងអស់ បានឯកភាពគ្នាក្នុងការផ្តល់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ។ ថ្លែងទៅកាន់បណ្តាមេដឹកនាំនៃប្រទេសអាស៊ីអឺរ៉ុប ក្នុងការទទួលភាពជាប្រធានរបស់កម្ពុជាសម្រាប់កិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុបលើកទី១៣ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសក្រៃលែង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលជាការរៀបចំកិច្ចប្រជុំកំពូលទ្រង់ទ្រាយធំលើកទី១ និងប្រកបសារ:សំខាន់បំផុត។ សុន្ទរកថារបស់សម្តេចតេជោបានបន្តថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់គ្រប់ជ្រុងជ្រោយ កម្ពុជានឹងខិតខំធ្វើកិច្ចការចាំបាច់គ្រប់យ៉ាង ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបកន្លងមក ពិសេសក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប បន្ទាប់ កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិកទាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ បានបិទបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត នៅរសៀលថ្ងៃទី១៩តុលា បន្ទាប់ពីដំណើរការពេញរយៈពេល២ថ្ងៃ ក្រោយពីឈានទៅចេញសេចក្តីប្រកាសរួមស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក៕