បង្រ្កាបក្រុមញៀនល្បែងជើងមួយ ចាប់បានបួននាក់ និងមួយចំនួនទៀតរត់យកតែព្រះអាយ៉ូស
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមញៀនល្បែងជាច្រើននាក់ បានរត់បាតជើងសព្រាត ព្រោះតែនគរបាលស្រុកឧដុង្គ ដេញបង្រ្កាបដល់ទីតាំងបើកល្បែងភ្នាល់ (អាប៉ោង) ក្រោយភូមិក្នុងព្រៃ នៅតែមិនមានសុវត្ថិភាពទៀត មនុស្សបួននាក់ត្រូវបានឃាត់ខ្លួន និងមួយចំនួនទៀតរត់យកតែព្រះអាយ៉ូស។
នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨ វេលាម៉ោង៣:៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចុះបង្រ្គាបដល់ទីតាំង បើកលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចព្រៃខាងត្បូងភូមិរមាំងស្លាប់ ចំងាយប្រហែល ៧០០ ម៉ែត្រ ពីឃុំមានជ័យ ស្រុកឧដុង្គ ក្នុងកិច្ចប្រតិបត្តិការខាងលើ ឃាត់បានជនសង្ស័យ ក្នុងបទល្មើសជាក់ស្ដែងបើកលេងល្បែងស៊ីខុសច្បាប់ ចំនួន ៤ នាក់ ១ ឈ្មោះ ចាន់ សុន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិអន្លង់ភេ ឃុំពាំងល្វា ស្រុកឧដុង្គ ២ ឈ្មោះ សូត្រ ផា ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ ៣ ឈ្មោះ ឆេង អាន ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិទួលកេស ឃុំក្រាំងចេក ស្រុកឧដុង្គ និង ៤ ឈ្មោះ រិន្ទ បារាំង ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិរមាំងស្លាប់ ឃុំមានជ័យ ស្រុកឧដុង្គ។ វត្ថុតាងជាសម្ភារៈ ដកហូតនៅទីតាំងផ្ទាល់ រួមមាន ៖
ម៉ូតូ ម៉ាក ចម្រុះ ចំនួន ១៦ គ្រឿង អាប៉ោង ចំនួន ៣ គ្រាប់ ផ្ទឹលគ្រប ចំនួន ១ និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នមុខសញ្ញាជាអ្នកលេងនិងអ្នកបើកទីតាំងល្បែង ភ្នាល់ត្រូវបានឃាត់បញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកឧដុង្គ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕