ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនខ្លួនបុរសម្នាក់ ទៅឲ្យតុលាការ ព្រោះហ៊ានយកឈ្មោះ ភរិយា សម្តេចក្រឡាហោម ទៅគំរាមអាជ្ញាធរមូលដ្ឋានឱ្យចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជីដីធ្លី

65


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ជាមន្ត្រីរាជការ ដែលជាប់ពាក់ព័ន្ធបណ្តឹង លើករណីគម្រាមកំហែង យកកិត្តិនាមរបស់លោកជំទាវ ញ៉ែម សាខន ភរិយា សម្តេចក្រឡាហោម ស ខេង ទៅបង្ខំលោកមេឃុំបិតត្រាំង ឈ្មោះ មាច ចាន់ ឱ្យចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជី ទៅតុលាការដើម្បី ចាត់ការតាមនីតិវិធីច្បាប់។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យ មានឈ្មោះ ម៉ើង លីដា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មន្ត្រីរាជការ ស្នាក់នៅក្រុមទី១១ ភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យខាងលើកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
នៅក្នុងភោជនីយដ្ឋានតាឪ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការឃាត់ខ្លួន បានធ្វើឡើង តាមដីកាបញ្ជាឲ្យ ចូលខ្លួន លេខ ២៧២ អ.យ.ឋ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ របស់លោក សៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធ ក្នុងករណី យកកិត្តិនាម របស់លោកជំទាវ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា នាយករដ្ឋមន្ត្រីស្តីទី ទៅបង្ខំឲ្យលោក មាច ចាន់ មេឃុំ បិតត្រាំង ចុះហត្ថលេខាលើពាក្យស្នើសុំចុះបញ្ជី ដី។

ជនសង្ស័យឈ្មោះ ម៉ើ ង លីដា បានសារភាព ថា ខ្លួនពិតជាបានរត់ការ ធ្វើពាក្យស្នើសុំចុះបញ្ជី ក្បាលដី ចំនួន ១០០០០ ម៉ែត្រការ៉េ (១ហិកតា) ស្ថិតនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដោយយកពាក្យស្នើសុំសិទ្ធិកាន់កាប់ ដីដែលមានឈ្មោះ ញ៉ែម សាខន ជាលោក ជំទាវ សម្តេច ក្រឡាហោម ស ខេង ដោយ ពុំ ទាន់មានស្នាមមេដៃ លោក ជំទាវ ញ៉ែម សាខន ឲ្យ លោកមេឃុំបិតត្រាំង ចុះហត្ថលេខា និង ប្រថាប់ត្រា មែន។

នៅថ្ងៃទី២០ ខែតុលានេះថា បុរសដែលយកឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមអាជ្ញាធរនេះ កំពុងស្ថិតក្នុងចំណាត់ការបើកការសាកសួរ លោក វង់ ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង