សម្តេចតេជោ ហ៊ុន សែន ៖ ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា ពីសហភាពអឺរ៉ុប គង់តែបាត់បង់ នៅពេលក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ពាក់ព័ន្ធការអនុគ្រោះពន្ធ ទំនិញពីសហភាពអឺរ៉ុប កម្ពុជាមិនទាន់បាត់បង់អ្វីទាំងអស់ បញ្ហានេះ ត្រូវបានគេយកធ្វើជាសង្រ្គាមចិត្តសាស្ត្រវាយប្រហារលើរាជរដ្ឋាភិបាល ។ សម្តេចតេជោបន្តថា ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា ពីសហភាពអឺរ៉ុបគង់តែបាត់បង់នៅពេលក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែសម្តេចបានធ្វើការមួយជំហ៊ានជាមួយជប៉ុន ចិន និងធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យបន្តផ្តល់អត្រាការប្រាក់អនុគ្រោះរយៈពេល១០ឆ្នាំ ហើយលទ្ធភាពសងរយៈពេល ៤០ឆ្នាំ។ កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីថវិកាពីបរទេស ប៉ុន្តែកម្ពុជាកំណត់អត្រាកម្ចីបរទេសត្រឹម ២៣ភាគរយប៉ុណ្ណោះ ធៀបជាមួយចំណូលសេដ្ឋកិច្ចជាតិ ពោលកម្ពុជាមានលទ្ធភាពក្នុងការដោះស្រាយ បញ្ហារបស់ខ្លួនលើបញ្ហាផ្សេងៗជាច្រើន មិនមែនសុទ្ធតែពឹងលើបំណុលបរទេសនោះទេ។ មកដល់ពេលនេះមានរយៈពេល ៣១ឆ្នាំ ដែលសម្តេចបានកំណត់វិស័យអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមមានទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស។ ប៉ុន្តែបច្ចុប្បន្នការអភិវឌ្ឍធនធានមនុស្ស ជាវិស័យអាទិភាពចម្បងបំផុត។
នៅរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរប្រមាណជាង១ពាន់នាកមកពីប្រទេសហុងគ្រី បារាំង អាល្លឺម៉ង់។ ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ គឺពិតជាមានសេចក្តីសោមន្សរីករាយជាអនេក ក្នុងការជួបប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ពិសេសប្រជាពលរដ្ឋបានបង្ហាញនូវបេះដូង គោរពស្រឡាញ់ដោយស្មោះចំពោះសម្តេច ដោយបានធ្វើដំណើរជាច្រើនពាន់គីឡូម៉ែត្រ ដើម្បីបាន ជួបសម្តេចដោយផ្ទាល់ បើទោះបីជាមានការរារាំងពីមនុស្សមួយចំនួនតូចក៏ពិតមែន។ ពួកគាត់គ្រាន់តែបានលឺដំណឹង ពីវត្តមានរបស់សម្តេចនៅតំបន់អឺរ៉ុប ប្រជាពលរដ្ឋគឺ ពិតជាមានសេចក្តីសប្បាយរីក ដើម្បីបានមកជួបសម្តេច ដោយផ្ទាល់ដោយមិនចង់បានពីអ្វីៗទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជារីករាយដែលបានជួប បងប្អូនពលរដ្ឋខ្មែរនៅ បណ្តាប្រទេសនៅអឺរ៉ុបនេះ និងពិតជាសប្បាយរីរាយពេលដែល ឃើញពលរដ្ឋខ្មែរមកគាំទ្រសម្តេចយ៉ាងច្រើនកុះករបែបនេះ។ សម្តេចបានមានប្រសាសន៍ទៅកាន់ពលរដ្ឋខ្មែរថា កម្ពុជាមានកិត្តិយសទទួល បានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០, នៅឆ្នាំ២០២២ ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូអាស៊ាន, នៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំបោះឆ្នោតម្តងទៀត សម្តេចសង្ឃឹមថានឹងឈ្នះឆ្នោតបន្តទៀត ពេលនោះសម្តេចនឹងរៀបចំកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺត្រូវរក្សាបានឲ្យនូវស្ថេរភាពនយោបាយ និងសន្តិភាព ដើម្បីឈានទៅសម្រេចកំណើនសេដ្ឋកិច្ច ៧,២ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចប្បន្នកម្ពុជាបានប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាមិនត្រឹមតែជួយសម្រួលការងារនោះទេ តែក៏បានជួយកាត់បន្ថយអំពើពុករលួយផងដែរ ជាពិសេសកម្ពុជាបានលុបបំបាត់មន្ត្រីខ្មោចបានស្ទើរទាំងស្រុង បន្ទាប់ពីប្រើប្រព័ន្ធបើកប្រាក់ខែតាមធនាគារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់បងប្អូនខ្មែរនៅក្រៅស្រុក ដែលបានចូលរួមដំណើរការ ប្រជាធិបតេយ្យតាមរយៈការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ មានន័យថា ជាការបោះឆ្នោតជ្រើសរើសយកនូវសុខសន្តិភាព ការអភិវឌ្ឍ និងបន្តរក្សានូវកិច្ចខិតខំប្រឹងប្រែងរបស់ជីដូនជីតារបស់ខ្លួន។
មុននឹងបញ្ចប់ពិធីសំណេះសំណាល សម្ដេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ បណ្តាប្រទេស ប៉ែកអឺរ៉ុបទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបរបរទទួលទានមានបានគ្រប់ៗគ្នាផងដែរ៕