ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង

67

 

ភ្នំពេញ៖ សុន្ទរកថាទាំងស្រុងរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៤ សីហា ២០២៣។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា” ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលខ្ញុំមានកិត្តិយស និងសេចក្តីរីករាយបំផុត សូមយក ឱកាសនៃអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី របស់យើងនាពេលនេះ ប្រកាសជូនជនរួមជាតិ កម្ពុជា និងតួអង្គពាក់ព័ន្ធទាំងអស់ជ្រាប អំពីអាទិភាពគោលនយោបាយសំខាន់ៗ និងការប្តេជ្ញ ចិត្តយ៉ាងមុតមាំឥតងាកររបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវ កម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយ តបទៅនឹងសំណូមពរ និង សេចក្តីត្រូវការរបស់ប្រជាជន”។

ផ្អែកលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣- ២០២៨» របស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគាំទ្រ ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត នាថ្ងៃទី ២៣ ខែ កក្កដា កន្លងទៅនេះ, រាជរដ្ឋាភិបាលបាន រៀបចំ «កម្មវិធីនយោបាយ» របស់ខ្លួន សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ឈរលើមូលដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ ដូចជាបរិការណ៍ជាតិ និង អន្តរជាតិ នាបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងដោយយកចិត្តទុកដាក់ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន «កម្មវិធីនយោបាយ» នេះ បានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត, គោលនយោបាយចម្បងៗជាអាទិភាព, គោលនយោបាយអភិវឌ្ឍតាមវិស័យ និង កម្មវិធីគោលនយោបាយជាអាទិភាព ដែលត្រូវចាប់អនុវត្តពីឆ្នាំ ២០២៣ តទៅ, ដែលជាក្របខ័ណ្ឌសម្រាប់តម្រង់ទិសការងាររបស់រាជរដ្ឋាភិបាល ក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន នៅក្នុងនីតិកាលទី ៧ នេះ ។ ក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣, ខ្ញុំបានដាក់បង្ហាញ “កម្មវិធីនយោបាយ» នេះ ជូនអង្គរដ្ឋសភា, និង ជូនដល់ប្រជាជនកម្ពុជា ទូទាំងប្រទេស តាមរយៈរដ្ឋសភា ។

ឈរលើមូលដ្ឋាន “កម្មវិធីនយោបាយ នេះ, រាជរដ្ឋាភិបាលបានរៀបចំ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវ “កម្មវិធីនយោបាយ» របស់ខ្លួន និង ជាមគ្គទេសក៍សម្រាប់ តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ ក្នុងគោលដៅ, ម៉្យាង, បន្តរក្សាឱ្យបានរឹងមាំនូវ ចលនការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំ និង ពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេច បាននាពេលកន្លងមក; និងម៉្យាងទៀត, កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃ ការអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេលមធ្យម និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួច លើគ្រប់វិស័យ ។ ឯកឧត្តមបណ្ឌិត សូមយកឱកាសដ៏ថ្លៃថ្លានេះ ប្រកាសដាក់ «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី ១» ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រី លើកទី ១ របស់យើង, ក៏ដូចជា ជូនដៃគូ អភិវឌ្ឍន៍ និង គ្រប់តួអង្គពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី, ដើម្បីជ្រាប និងរួម សហការគ្នាជាធ្លុងមួយ ក្នុងការជំរុញអនុវត្តឱ្យសម្រេចជោគជ័យ តាមការទន្ទឹងចង់បានរបស់ ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត ។

ដោយសារ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ វែង, ខ្ញុំនឹងមិនអាន អត្ថបទន ឯកសារនេះទាំងស្រុង នោះទេ ។ ប៉ុន្តែ ខ្ញុំនឹងឧទ្ទេសនាមដោយសង្ខេបអំពីខ្លឹមសារ សំខាន់ៗ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នេះ។ យ៉ាងណាក៏ដោយ, អត្ថបទទាំងស្រុងនៃយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំចងក្រងជាសៀវភៅ ដែលមានម្ខាងជា ភាសាខ្មែរ, និងម្ខាងទៀត ជាភាសាអង់គ្លេស, ហើយត្រូវបានចែកជូនដល់សមាជិក-សមាជិកា នៃអង្គប្រជុំរបស់យើង ដូចមាននៅចំពោះមុខ ឯកឧត្តម និង លោកជំទាវ ទាំងអស់គ្នាស្រាប់ ។ បន្ថែមលើនេះ, ក្រោយពីកិច្ចប្រជុំនេះទៅ, ខ្ញុំសូមស្នើឱ្យទីស្ដីការគណៈរដ្ឋមន្ត្រី យកឯកសារនេះ ទៅរៀបចំដាក់ផ្សព្វផ្សាយជាសាធារណៈ នៅក្នុងគេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់ ភាពងាយស្រួលដល់គ្រប់តួអង្គពាក់ព័ន្ធ និង សាធារណជនទូទៅ អាចទាញយកក្នុងទម្រង់ទន់(Soft copy) ឬ បោះពុម្ពចេញជាទម្រង់រឹង សម្រាប់ប្រើប្រាស់តាមសេចក្តីត្រូវការចាំបាច់ ។ ជាមួយគ្នានេះដែរ, ខ្ញុំស្នើឱ្យឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រៀមរៀបចំបោះពុម្ពឯកសារនេះ ជាសៀវភៅបន្ថែមទៀត ដើម្បីចែកជូនដល់ក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ តាមស ចក្តីត្រូវការចាំបាច់ជាយថាហេតុ ។

ជាមួយនឹងការគូសបញ្ជាក់ខាងលើនេះឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សូមអនុញ្ញាតចាប់ផ្តើមធ្វើការឧទ្ទេសនាម ដោយសង្ខេប អំពីខ្លឹមសារសំខាន់ៗនៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដូចតទៅ៖

១. សាវតារ

ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេច- អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយ ជោគជ័យ នូវយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល, ដោយសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និង សេដ្ឋកិច្ច, ដែល នាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ។

ជាក់ស្ដែង, កម្ពុជាដែលពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថាជា វាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា, បានក្លាយទៅជា រដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាព, មាននីតិរដ្ឋ និងស្ថិរភាពនយោបាយស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស, និងមាន ព្រះមហាក្សត្រ ជាទីគោរព សក្ការៈ គង់ប្រថាប់ជាម្លប់ ។ កម្ពុជាដែលពីមុនធ្លាប់តែត្រូវបានហ៊ុមព័ទ្ធ និង ឯកោ ទាំង នយោបាយ និង សេដ្ឋកិច្ច, ឥឡូវមានសមាហរណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មតំបន់ និងសកល, និងបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៃសកលលោក ។ ប្រជាជនកម្ពុជារាប់លាននាក់ បានចាកផុតពីភាពក្រីក្រ និងកំពុងរស់នៅ ជាមួយនឹងជីវភាពសមរម្យ, មានចំណេះដឹង, មានសុខុមាលភាពកាន់តែប្រសើរ ហើយ អាយុកាលសង្ឃឹមរស់ជាមធ្យម បានកើនឡើងគួរឱ្យកត់សម្គាល់ ។

មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ក៏បានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងទៅលើ វិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំ ដែល អាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃបន្ថែមខ្ពស់ កម្ពុជាដែលពីមុនមានវិបត្តិខ្វះ សាច់ប្រាក់រ៉ាំរ៉ៃ និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេស ទើបអាចរស់រានបាន,ឥឡូវបានក្លាយជាប្រទេសមានស្វ័យភាព និងភាពម្ចាស់ការពេញលេញផ្នែកហិរញ្ញវត្ថុ នៅក្នុងការកំណត់ជោគវាសនា និងអនាគតរបស់ខ្លួន។ ដួងព្រលឹងនៃមរត៌កសិល្បៈវប្បធម៌ខ្មែរ, ទាំងរូបី និងអរូបី, ដែលធ្លាប់ត្រូវបានលួច, បាត់បង់ ឬខូចខាតដោយសារសង្គ្រាម, ឥឡូវត្រូវបានស្ដារ ឱ្យរស់ និង លើកស្ទួយឡើងវិញ ជាបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក ក៏ដូចជាត្រូវ បានទទួលស្គាល់ និងជូនត្រឡប់មកកាន់មាតុភូមិកំណើតវិញ បន្ថែមលើនេះ, ស្នាដៃធំៗ និង ថ្មីៗ របស់រាជរដ្ឋាភិបាលរួមមានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ជោគជ័យ នៃការទទួលធ្វើជាប្រធានអាស៊ានជាលើកទី ៣ ក្នុងប្រវត្តិសាស្ត្រ ដោយបានដឹកនាំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយផ្ទាល់ក្រោយពីវិបត្តិជំងឺកូរីដ-១៩ ព្រមទាំង ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាទឡ្ហីករណ៍មិនអាចប្រកែកបានមួយចំនួនទៀត នៃការរីកចម្រើនប្រកបដោយមោទនភាពរបស់កម្ពុជា ។

ជារួម, យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ ដំណាក់កាល បានបំពេញតួនាទីយ៉ាងប្រសើរ ជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់នូវក្របខ័ណ្ឌរួម សម្រាប់ការកសាងស្ថាប័នរដ្ឋមួយ រឹងមាំ និងឯករាជ្យ, ដែលប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ, មានភាពធន់ និង មានប្រសិទ្ធភាព និង សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងល្បឿនខ្ពស់ ដែលត្រូវបានទទួលស្គាល់, ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស សម្រាប់ការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលដ៏ខ្លីជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និង ការកាត់បន្ថយភាពក្រីក្រយ៉ាងរហ័ស, ព្រមទាំងការធ្វើសមាហរណកម្មដោយជោគជ័យ ទៅក្នុងតំបន់ និងសកលលោក ។

ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ របស់រាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ, ព្រមទាំង ការអនុវត្តការកែទម្រង់ជាប្រចាំ ដោយមានការគាំទ្រពីគ្រប់ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ, ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ។ កិច្ចប្រឹងប្រែង និងការចូលរួមទាំងនេះ ក៏ជាមូលដ្ឋានដ៏រឹងមាំ ដែលអនុញ្ញាតឱ្យកម្ពុជារក្សាបានគត់មត់នូវ សុខសន្តិភាព និងស្ថិរភាពនយោបាយ, ហើយលើសពីនេះ ពង្រឹងភាពជាម្ចាស់លើជោគវាសនា ប្រទេសជាតិ ព្រមទាំងលើកកម្ពស់វិបុលភាពជូនប្រជាជន ជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង