ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ជូន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

52

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូន ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និង អង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការ គ.ជ.ប ។

ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលនេះ បានមានប្រសាសន៍ថា គ.ជ.ប តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្ត ការងារលើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដូចដែលការរៀបចំវគ្គបណ្តុះបណ្តាល នៅពេលនេះជាឧទាហរណ៍ស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត ប្រព្រឹត្តទៅល្អ និងធានាបាននូវសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។

ឯកឧត្តមបានជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់ សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ១៥ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមជម្រាបជូនទៀតថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ឬអ្នកណាជ្ញាក្នុង បញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត ឬ កែតម្រូវឈ្មោះ និងទិន្នន័យ នៅក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្តែង។ វគ្គបណ្តុះបណ្តាលខាងលើនេះរៀបចំឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមសរុបចំនួន ១២០ នាក់៕

អត្ថបទដែលជាប់ទាក់ទង