ឃាត់ខ្លួនជនជាតិចិន៣នាក់ ពីបទបង្ខាំងមនុស្សជំរិតទារប្រាក់
ព្រះសីហនុ ៖ មានជនជាតិចិនម្នាក់ ភេទប្រុស បានទៅរាយការណ៍នៅប៉ុស្តិ៍នគរបាលសង្កាត់លេខ២ថា មិត្តភក្តិរបស់គេត្រូវបានជនជាតិចិនមួយក្រុម ចាប់ឃុំខ្លួនទុកនៅក្នុងបន្ទប់មួយនៃផ្ទះសំណាក់តុងហ្វាង បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះកិច្ចប្រតិបត្តិការណ៍រំដោះបានជនរងគ្រោះម្នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៦ និង៣០នាទី។
ជនរងគ្រោះឈ្មោះ YUAN MAORONG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យចំនួន ០៣នាក់ ៖
១-ឈ្មោះ ZHANG HONG ZHI ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ QIN RONG FEI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ CAO WEN XIAO ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញក្រុមហ៊ុន ជីងឆៃសាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ករណីនេះកើតឡើងដោយសារជនរងគ្រោះបានខ្ចីលុយពីក្រុមជនសង្ស័យចំនួន ៣,០០០ដុល្លារ ( បីពាន់ដុល្លារ ) ជាកាក់ ដើម្បីលេងល្បែងក្នុងកាស៊ីណូ ស៊ីងម៉ីកៅម៉ី ពេលជនរងគ្រោះលេងចាញ់គ្មានលុយសង ក្រុមជនសង្ស័យក៏នាំជនរងគ្រោះ ឃុំទុកទៅកន្លែងដែលពួកគេស្នាក់នៅ ដើម្បីឲ្យជនរងគ្រោះរកលុយសងពួកគេទើបពួកគេដោះលែង ជនរងគ្រោះឲ្យមានសេរីភាពវិញ ។
ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕