បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងឃាតកម្ម ដែលរាយខ្សែលួសភ្ជាប់ចរន្តអគ្គិសនី នៅតាមរបងផ្ទះរបស់ខ្លួន
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងឃាតកម្ម ដោយជនសង្ស័យម្នាក់បានរាយខ្សែលួសភ្ជាប់ចរន្តអគ្គិសនីនៅតាមរបងផ្ទះរបស់ខ្លួន ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួនដែលចេះតែបាត់បង់នាពេលកន្លងមក បណ្តាឲ្យឆក់ជនរងគ្រោះរបួស នៅចំណុចក្នុងដីឡូតិ៍ ផ្ទះលេខ១៥៥ឆ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ា សុធី ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជយួសជុលម៉ាស៊ីន និងផ្សារដែក ស្នាក់នៅក្នុងដីឡូតិ៍ ផ្ទះលេខ១៥៥ឆ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ផាន់ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករលើកក្រណាត់ ស្នាក់នៅផ្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសឆេះរលាកម្រាមខាងស្តាំចំនួន៥ម្រាម ។ សម្ភារៈបន្សល់ទុក នៅកន្លែងកើតហេតុ ដែលសមត្ថកិច្ចរឹបអូសយកទុកជាភស្តុតាង រួមមាន ម៉ាស៊ីនផ្សារដែកចំនួន១គ្រឿង ខ្សែលួចតូចធំមួយដុំ និងខ្សែកាបតូចមួយដុំ ។
លោកអធិការបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានដាក់ពង្រាយខ្សែលួស មានភ្ជាប់ចរន្តអគ្គិសនី តាមរបងក្នុងដីឡូតិ៍ផ្ទះ ចំណុចកើតហេតុងខាងលើ ដើម្បីការពារសម្ភារៈដែលចេះតែបាត់បង់កន្លងមក។ លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានដើរចេញពីកន្លែងខ្លួនធ្វើការ លើកក្រណាត់សិប្បកម្មកាត់ដេរ ដែលមានទីតាំងនៅជាប់ចំណុចកើតហេតុ រួចជនរងគ្រោះ បានដើរចូលទៅក្នុងដីឡូតិ៍ នៅចំណុចកើតហេតុ ក្នុងគោលបំណងទៅជុះនោម ។ ពេលជនរងគ្រោះដើរចូលទៅបានទាក់ជុង និងខ្សែលួស ដែលជនសង្ស័យដាក់ពង្រាយ មានចរន្តអគ្គិសនី បណ្តាឲ្យជនរងគ្រោះឆក់ដួលផ្ងាក្រោយ រួចដៃស្តាំជនរងគ្រោះបានតោងជាប់ខ្សែលួស ធ្វើឲ្យជនរងគ្រោះឆេះម្រាមដៃទាំង៥ម្រាម រួចសន្លប់ តែត្រូវប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ឃើញ នាំគ្នាជួយសង្គ្រោះ យកជនរងគ្រោះទៅព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ទឹកថា្ល និងបានឃាត់ខ្លួនជសង្ស័យ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕