ឧត្តមសេនីយ៍យោធាផ្កាយ៣ម្នាក់ ប្រទះឃើញដេកស្លាប់ នៅក្នុងរថយន្ត
ភ្នំពេញ ៖ ឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ ដេកស្លាប់នៅក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចទី៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ សាំង អូន មុខរបរមន្ត្រីយោធាពាក់ផ្កាយ៣ បម្រើការនៅក្រសួងការពារជាតិ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដែរដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ រួមនិងបុរសម្នាក់ទៀត បានជិះរថយន្តមួយគ្រឿងម៉ាកRAV4 ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2X- 3545 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត លុះដល់មុខពេទ្យឯករាជ្យ៣ លោកឧត្តមសេនីយ៍ខាងលើ មានអាការៈដូចជាមិនសូវស្រួលខ្លួន ទើបរូបគាត់បានបើកទ្វាររថយន្តចុះមកទិញទឹក យកមកហូប ហើយក៏បានឡើងបើករថយន្តវិញ មួយសន្ទុះក្រោយមកក៏បានស្លាប់ នៅលើរថយន្តនៅលើដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ រួចក៏បានយកខ្សែហ៊ុំព័ទ្ធ និងបានរាយការណ៍បន្តទៅកាន់កម្លាំងជំនាញនគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងការិយាល័យបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅកាន់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យសព ក្រោយមកដោយមានការកកស្ទះចរាចរណ៍ខ្លាំងពេក សមត្ថកិច្ចក៏បានដឹកសពឧត្តមសេនីយ៍ផ្កាយ៣ ឆ្ពោះទៅកាន់វត្តអង្គតាមិញ ដើម្បីធ្វើកោសល្យវិច័យនៅទីនោះ។
ក្រោយពេលសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើនេះ ពិតជាបានស្លាប់ដោយសារជំងឺលើសឈាម និងគាំងបេះដូង។
ហើយសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ សាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕