ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាណាព្យាបាលសិស្សានុសិស្ស នៅបឋបសិក្សាត្រពាំងក្រសាំង សម្បាយចិត្ដ ពេលឃើញក្រសួងអប់រំ ហាមប្រាមមិនឲ្យអ្នកលក់ដូរក្នុងសាលា លក់នំចំណី ប៉ះពាល់សុខភាពសិស្ស

52

ភ្នំពេញ ៖ លោកស្រី ញ៉ែម កញ្ញា អាណាព្យា បាល សិស្សនៅបឋបសិក្សា ត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ បានសម្ដែងគាំទ្រ ការលក់ចំណីអាហារដែលមានគុណភាព នៅក្នុងសាលារៀន ដើម្បីលើកកម្ពស់សុវត្ថិភាព សុខ ភាពរបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សានេះ ។
លោកស្រី ញ៉ែម កញ្ញា ជាអាណាព្យាបាល សិស្ស បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១២ កញ្ញា ២០២៣ ខណៈ អ្នកលក់ដូរ ក្នុងសាលាបឋបសិក្សា ត្រពាំងក្រសាំង បានប្ដូរទម្លាប់ យកទំនិញមុខម្ហូបខ្មែរ របស់របធ្វើដោយស្នារដៃកូនខ្មែរមក
លក់វិញ ក្នុងនាមលោកស្រីជាអាណាព្យាបាលមួយរូបពិតជាព្រួយបារម្មណ៍ខ្លាំងនៅពេលកូនទៅរៀន ព្រោះបច្ចុប្បន្ននេះ ឃើញថា ភាគ ច្រើនក្មេងៗប្រឈមនឹងជំងឺទឹកនោមផ្អែមច្រើន ជាពិសេសជំងឺរលាកបំពង់ក។

លោកស្រីបន្ដថា នៅពេលដែលក្រសួងអប់រំ បានចេញសេចក្ដីណែនាំពីចំណីអាហារហាម ប្រាម ក្នុងការលក់ដូរ ក្នុងគ្រឹះស្ថានសិក្សាមក លោកស្រី ពិតជាមានអារម្មណ៍សប្បាយរីករាយ និងសូមសំណូមពរឱ្យអ្នកលក់នៅក្នុងសាលា លក់ តែចំណីអាហារណាដែលមានគុណភាព ចំណីអាហារមិនមានជាតិផ្អែមខ្លាំង ក៏ដូចជាចំណីដែល មិនមានផលប៉ះពាល់ដល់សុខភាពក្មេង ជាពិសេសលក់នំចំណីជារបស់ខ្មែរ ដើម្បីឲ្យក្មេងៗជំនាន់ ក្រោយបានស្គាល់ អ្វីដែលជារបស់ខ្មែរ ព្រោះនំរបស់ខ្មែរមានច្រើនមុខ និងមានរស់ជាតិឆ្ញាញ់។ ចំពោះការដាក់វិធានការចំពោះអាជីវករគាត់ លក់ដូរនៅក្នុងសាលាលក់តែចំណីអាហារដែល មានគុណភាព គឺខ្ញុំគាំទ្រយ៉ាងពេញទំហឹង ដោយសារកូនរបស់ខ្ញុំគាត់នៅតូចគាត់ញ៊ាំចំណីអាហារគាត់អត់ដឹងថាចំណីអាហារមួយណាដែលប៉ះពាល់ដល់សុខភាពនោះទេ។ ហើយខ្ញុំសូមសំណូមពរដល់ខាងអ្នកលក់សូមឱ្យគាត់លក់ជារបស់ខ្មែរ ជារបស់ផ្សេងៗដែលមានគុណភាព មិនប៉ះពាល់ដល់សុខភាពរបស់ក្មេង ។

លោកស្រីបាន ស្រីពុំ ជាអាព្យាបាលសិស្សភូមិស្នោរ សង្កាត់ស្នោរ ខណ្ឌកំបូល បានឲ្យដឹងដែរថា ក្នុងនាមជាអាណាព្យាបាលមួយរូប ក៏ដូចជាអាណាព្យាបាលគ្រប់រូបដែរ គឺតែងតែព្រួយបារម្ភរឿងកូនញ៊ាំនំចំណីពេលទៅសាលារៀន។ ដូច្នេះជារៀងរាល់ថ្ងៃលោកស្រីតែងតែវេចខ្ចប់ម្ហូបអាហារ ទឹក សម្រាប់កូនទៅសាលាដោយមិនឱ្យលុយទៅរៀនដាច់ខាតព្រោះខ្លាចគាត់យកលុយទៅទិញចំណីអាហារមិនល្អនៅសាលា រៀន។
លោកស្រី គាំទ្រជាខ្លាំងនៅពេលដែលក្រសួងអប់រំ បានដាក់ចេញនូវគោលការណ៍ណែនាំការលើកកម្ពស់សុវត្ថិភាពសុខភាពរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។ បើក្រសួងមានចំណាត់តាំងឱ្យតាមគ្រប់សាលាទាំងអស់លក់ទៅនំចំណីដែលល្អសម្រាប់សុខភាពវាជាការល្អ។ បើសិនជាមានចំណាត់តាំងយើងមិនព្រួយបារម្ភបញ្ហាខ្លាចកូនញ៊ាំចំណីផ្ដេសផ្ដាសទេ នោះយើងអាចឱ្យជាលុយគាត់ដើម្បីយកទៅទិញអីញ៊ាំខ្លួនឯង ដោយមិនបាច់រៀបចំឱ្យគាត់បាន។ អ៊ីចឹងបើសិនជាមានការរៀបចំអញ្ចឹងគ្រប់សាលាគឺជាការល្អមែនទែន ។
សូមបញ្ជាក់ថា៖ ក្រសួងអប់រំបានចេញសេចក្ដីណែនាំពីចំណីអាហារហាមប្រាម ក្នុងការលក់ដូរក្នុងគ្រឹះស្ថានសិក្សា។ ចំណីអាហារដែលត្រូវបានហាមប្រាម ព្រោះវាអាចប៉ះពាល់ដល់សុខភាពនោះ គឺមាន៦ប្រភេទ។ ចំណីអាហារទាំងនោះរួមមាន ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ និងចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែមជាដើម៕. សំរិត

អត្ថបទដែលជាប់ទាក់ទង