ជនសង្ស័យជាប្តីប្រពន្ធ និងថ្នាំញៀនចំនួនធំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង បង្ក្រាប
កោះកុង ៖ ជនសង្ស័យជាប្តីប្រពន្ធ និងថ្នាំញៀនចំនួនធំ ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកោះកុងបង្ក្រាប និង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកោះកុង ចាត់ការតាមនីតិវិធីច្បាប់។
ដោយមានការចង្អុលបង្ហាញពីរឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីរលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង នៅវេលាម៉ោង ១៧ និង ១៥នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្រែបង្គា ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ៖ ១.ឈ្មោះ សុខ វ៉ិត ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរចិញ្ចឹមក្តាមលក់ ស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ២.ឈ្មោះ ត្រឹង ឌីន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរចិញ្ចឹងក្តាមលក់ រស់នៅជាមួយគ្នា និងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ២៥៨ កញ្ចប់ទម្ងន់ ៩២,៤៧ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦៦ គ្រាប់ ធម្ងន់ ១៤,៩៤ក្រាម ទូរស័ព្ទចំនួន ២ គ្រឿង ប្រាក់រៀល ៤០.០០០ រៀល និងសម្ភារៈប្រើប្រាស់ សម្រាប់ច្រកថ្នាំញៀនមួយចំនួន ៕