ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយគង ទូងស្គរ និងគោះត្រដោកដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

65

 

ភ្នំពេញ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា មោទកភាពជាតិ គឺ
កើតមានឡើងនៅពេលដែល កម្ពុជាយើងមានសុខសន្តិភាពពេញលេញ ។ ដូច្នេះលោកសូមឲ្យទាំងអស់គ្នា ថែរក្សាសន្តិភាពឱ្យបានគង់វង់ បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។

កាលពីព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីវាយគង ទូងស្គរ និងគោះត្រដោកដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា នៅពេលដែលជាតិសាសន៍មួយ ត្រូវបានពិភពលោកទទួលស្គាល់ ដោយយកព្រលឹងវប្បធម៌របស់ជាតិ ទៅដាក់ចូលជាបេតិកភណ្ឌពិភពលោក យើងពិតជាមានមោទនភាពណាស់។ លោកបន្តថា មោទនភាពជាតិ កើតមាននៅពេលដែលកម្ពុជាយើងមានសុខសន្តិភាព ,មោទនភាពជាតិនេះ តាមបទពង្សាវតាខ្មែរ យើងបានបាត់បង់យូរឆ្នាំមកហើយ តែពេលនេះកម្ពុជាយើងមានមោទនភាពជាតិឡើងវិញ។ បើគ្មានសន្តិភាព យើងគិតថា មោទនភាពជាតិនេះ គឺមិនមានទេ បើគ្មានសន្តិភាពយើងក៏គ្មានមោទនភាពជាតិដែរ។ យើងត្រូវចងចាំថា អ្វីដែលយើងមាននៅពេលនេះ គឺកើតឡើងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន និងការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងងបន្តវីរភាពរបស់សម្ដេចហ៊ុនសែន នាំជាតិកម្ពុជាទៅរកភាពសុខសាន្តរុងរឿង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យកូនចៅរបស់យើងរស់នៅក្នុងសន្តិភាព ក្នុងសេចក្តីថ្លៃថ្នូរ នាំជាតិមាតុភូមិរបស់យើងនៅកាន់គោលដៅដែលយើងចង់បាន។

លោកកើត ឆែ សុំឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ថែរក្សាតម្លៃសន្តិភាពឱ្យបានគង់វង្សទោះបីក្នុងតម្លៃណាក៏ដោយ ។ ត្រូវតែមានឯកភាពជាតិ ដើម្បីជ្រងទង់ជាតិ ឈានទៅរកគោលដៅដែលយើងចង់បាននៅពេលអនាគត។

គួរបញ្ជាក់ថា៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ របស់ជាតិខាងលើនេះ កាលពីថ្ងៃទី១៨កញ្ញា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ដោយបានណែនាំអោយ គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រសហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ សូមរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែល ខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗរួមមានទីស្ដីការក្រសួង-ស្ថាប័ន សាលារាជធានីភ្នំពេញ សាលាខណ្ឌ-សង្កាត់ សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យចង់ទង់ជាតិនៅគ្រប់ទីតាំង និងគប់លំនៅឋាន។ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូនូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្តែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៦:២៨ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៃកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុង Riyadh រាជធានីនៃព្រះរាជាណាចក្រ Saudi Arabia ។

តំបន់ប្រាសាទកោះកេរ អតីតរាជធានីខ្មែរនៅដើមសតវត្សទី១០ មានទីតាំងស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រមាណ៩០ គីឡូម៉ែត្រពីតំបន់អង្គរឬក្រុងយសោធបុរៈ។ នៅក្នុងសិលាចារឹកភាសាខ្មែរបុរាណ គេស្គាល់តំបន់នេះថា ឆោកគគ៌្យរ(ឆោកគគី) ដែលមានន័យថា ព្រៃគគីរឬស្រះគគីរ ។ ឈ្មោះ ឆោកគគីរ នេះមានឯកលក្ខណៈវិសេសណាស់ព្រោះជាឈ្មោះទីក្រុងខ្មែរសម័យអង្គរតែ១គត់ដែលប្រើប្រាស់ភាសាខ្មែរបុរាណ ខណៈដែលតំបន់ឯទៀតក្នុងចក្រភពប្រើប្រាស់ឈ្មោះជាភាសាសំស្ក្រឹត។ លើសពីនេះឈ្មោះនេះមានទំនាក់ទំនងទៅនឹងធម្មជាតិក្នុងតំបន់គឺ រុក្ខជាតិគគីរ ។ គគីរ (Hopea odorata) ជារុក្ខជាតិដែលមានដើមធំខ្ពស់រហូតដល់៤៥ម៉ែត្រ រាប់ឈើដែលមានភាពរឹងមាំធន់នឹងទឹក ជាទីរាប់អានប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។

តំបន់បុរាណវិទ្យាកោះកេរ មានស្លាកស្នាមបុរាណដ្ឋានចំនួន១៦៩ ក្នុងនោះមានប្រាសាទចំនួន៧៦ ស្រះទឹក បារាយ(រហាល) ផ្លូវបុរាណនិង សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកប់ក្នុងព្រៃពាសពេញតំបន់ ។ ស្ថិតតាមបណ្តោយផ្លូវបុរាណ កោះកេរស្ទើរតែស្ថិតនៅចំនុចកណ្តាលរវាងបូជនីយដ្ឋាននិងទីក្រុងបុរាណខ្មែរសំខាន់ៗ ដូចជា ក្រុងយសោធបុរៈ(អង្គរ) ក្រុងឦសានបុរៈ(សម្បូរព្រៃគុក) និងប្រាសាទស្រីសិខារិស្វារៈ(ព្រះវិហារ)។ សណ្ឋានដីតំបន់កោះកេរ្តិ៍មានលក្ខណៈជាតំបន់ខ្ពស់រាប ក្នុងកំពស់ចន្លោះពី៧០ ទៅ១១០ម៉ែត្រ ជាជម្រាលពីត្បូងទៅជើង តាមបណ្តោយស្ទឹងសែន។

ក្រុងលិង្គបុរៈ មានចំណុចកណ្ដាលស្ថិតនៅភាគខាងជើងនៃបារាយ(រហាល) តាមរយៈសិលាចារឹកបានបង្ហាញថា នៅទីនេះមានមនុស្សប្រមាណជាង១០០០០នាក់ រស់នៅក្រោមអាណត្តិនៃព្រះបាទជ័យវម៌្មទី៤ ។ តាមរយៈការសិក្សាស្រាវជ្រាវដោយបច្ចេកវិទ្យា Lidar គេរកឃើញថា ក្រុងលិង្គបុរៈ មិនមានកំពែងក្រុងទេ តែហ៊ុំព័ទ្ធដោយព្រែកជីកបុរាណទៅវិញ។ ថ្មបាយក្រៀម ថ្មភក់ និង ឥដ្ឋជាសម្ភារៈដ៏សំខាន់ក្នុងការសាងសង់ប្រាសាទនៅកោះកេរ ។ នៅតំបន់នេះមានថ្មដែលគុណភាពយ៉ាងល្អស្រាប់ ដោយមិនលំបាកក្នុងការដឹកជញ្ជូនចម្ងាយឆ្ងាយ។ ឯឥដ្ឋដែលប្រើប្រាស់វិញ ត្រូវបានផលិតក្នុងទំហំតូចនឹងរាបស្មើខុសពីតំបន់ដទៃ ឥដ្ឋកោះកេរមានគុណភាពខ្ពស់ណាស់ ធ្វើអោយបច្ចុប្បន្នប្រាសាទដែលនៅសល់រូបរាងពេញលេញភាគច្រើនជាប្រាសាទឥដ្ឋ។ ក្រៅពីនេះគេប្រទះឃើញមានការប្រើប្រាស់កំបោរបាយអមួយខំនួនតូចផងដែរ។ ប្រាសាទ១ចំនួននៅកោះកេរ មានប្រក់ដំបូលក្បឿងគ្រឿងបង្គំឈើ ដែលបច្ចុប្បន្ននេះមិនមាននៅសល់ទៀតទេ តែយើងអាចឃើញស្លាកស្នាមនៃប្រហោងឈើនៅសេសសល់។ សំណង់ភាគច្រើននៃទីក្រុងបុរាណនេះ ក៏ដូចជាទីក្រុងនានារបស់ខ្មែរ ពោលគឺលំនៅដ្ឋាន ព្រះរាជវាំង ផ្សេងៗត្រូវបានសាងឡើងពីឈើ ជាហេតុដែលធ្វើអោយសំណង់ទាំងនេះមិនអាចបន្សល់រូបរាងដល់សព្វថ្ងៃនេះឡើយ។

បារាយ(រហាល) រហាលគឺជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅកោះកេរ ក្នុងទំហំ ១២០០ គុណ ៥៦០ ម៉ែត្រ ព្រមទាំងទ្វារទឹកចំនួន៣សាងពីថ្មបាយក្រៀម ។ តួរហាលមិនស្ថិតត្រង់ទិសដូចបារាយនានានៅតំបន់អង្គរទេ ដោយហេតុថា សាសនាដ្ឋាននានានៅតំបន់នេះបែរទៅទិសខាងកើតឈៀងខាងជើង១៥អង្សា តួរហាលក៏សណ្តូកឆៀងតាមដូចគ្នា។ បច្ចុប្បន្នរហាលបាយរឹងស្ងួតស្ទើរអស់ទៅហើយ ។

ត្រពាំងអណ្តូងព្រេង: ចំងាយប្រមាណ២០០ម៉ែត្រពីប្រាសាទធំ មានស្រះធំ១ ទំហំ៤០ម៉ែត្រនិងមានអមដោយជណ្តើរថ្មបាយក្រៀម ។ ស្រះនេះត្រូវបានគេជឿថាជាស្រះស្រង់នៃព្រះមហាក្សត្រ ហើយជុំវិញនោះគឺជា ព្រះបរមរាជវាំងនៃរាជធានីលិង្គបុរៈ។
ប្រាសាទកោះកេរ : ប្លង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរមានប្រវែងប្រមាណ៨០០ម៉ែត្រ លាតសន្ធឹងស្របតាមរហាល បែរមុខទៅទិសខាងកើតឆៀងខាងជើង១៥អង្សា។ នៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទគេឃើញមានសំណង់ស្ថាបត្យកម្មថ្ម ជារាងចតុកោណកែង ហៅថា ព្រះរាជវាំង ដែលមាននាទីជាពន្លាសំណាក់សម្រាប់ព្រះរាជាមុនចូលទៅកាន់ប្រាសាទដូចនៅប្រាសាទព្រះវិហារដែរ។ តមកខាងមុខ មានគោបុរៈយ៉ាងធំសម្បើម(ប្រាសាទក្រចាប់) ដែលគេជឿថា ជាសំណង់គោបុរៈធំបំផុតនៅកម្ពុជា ក្នុងទំហំ ៦០គុណ៣០ម៉ែត្រ ។ នៅខាងមុខទៀតមានបណ្ណាល័យចំនួន២ និងប្រាសាទក្រហមដែលមាននាទីជាប្រាសាទផងនិងក្លោងទ្វារដើម្បីចូលចូលទៅកាន់ប្រាសាទធំផង។ តែដើមឡើយនៅក្នុងប្រាសាទក្រហមមានតម្កល់រូបបដិមាព្រះឥសូររំាយ៉ាងធំសម្បើម ពោលគឺមានកំពស់រហូតដល់៣.៥ម៉ែត្រ តែមកដល់បច្ចុប្បន្នបដិមាបានទទួលរងការខូចខាតយ៉ាងច្រើន ហើយកំពុងទទួលការជួសជុលនៅអភិរក្សដ្ឋាន។ ប្រាសាទធំស្ថិតនៅលើកូនកោះសិប្បនិម្មិតហ៊ុមព័ទ្ធដោយកសិន្ទុទឹក មានស្ពាននាគសម្រាប់ចម្លង មានកំពែង២ជាន់ ហើយមានប្រាសាទសំខាន់ៗចំនួន៩នៅខាងក្នុង។ ចេញអំពីប្រាសាទធំគឺចូលដល់តំបន់ប្រាសាទប្រាង្គ។
ប្រាសាទប្រាង្គជាប្រាសាទដ៏ធំនិងសំខាន់ជាងគេនៅកោះកេរ ប្រាសាទនេះសាងជាទម្រង់ពីរ៉ាមីត៧ថ្នាក់ សម្រាប់តម្កល់ព្រះសិវលិង្គ។ ប្រាសាទនេះត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ៩២៨ មានទំហំ៦២ម៉ែត្រ និងកំពស់៣៦ម៉ែត្រ។ ដោយសារតែកំពូលប្រាសាទមានការបែកបាក់អស់ឬសាងពុំទាន់ហើយសព្វគ្រប់ ហេតុនេះប្រសិនបើកំពូលប្រាសាទនៅរក្សាមកដល់បច្ចុប្បន្នគេជឿថា ប្រាសាទនេះអាចមានកំពស់រហូតដល់៥០ម៉ែត្រឯណោះ។ នៅខាងក្រោមប្រាសាទប្រាង្គមានកូនភ្នំតូច១ ដែលស្របគ្នានឹងសំណង់ស្ថាបត្យកម្មប្រាសាទ អ្នកស្រុកអ្នកភូមិហៅភ្នំនេះថា ផ្នូរស្តេចដំរីស។ អ្នកស្រាវជ្រាវជឿថា ភ្នំនេះអាចជាភ្នំសិប្បនិម្មិតតំណាងភ្នំទីស្ថានព្រះឥសូរ ជាផ្នូរនៃព្រះមហាក្សត្រ ឬជាសំណល់នៃពីរ៉ាមីតទី២ក៏ថាបាន៕

អត្ថបទដែលជាប់ទាក់ទង