ការស្រុតចេតីយ៍នៅក្នុងវត្តក្តីតាកុយ ចូលទៅក្នុងទន្លេផ្តើមចេញពីការចាក់ដីថ្មី ហើយចេតីយ៍មានទម្ងន់ធ្ងន់
ភ្នំពេញ៖ ការស្រុតចេតីយ៍នៅក្នុងវត្តក្តីតាកុយស្ថិតក្នុងភូមិសាស្ត្រ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ចូលទៅក្នុងទន្លេគឺផ្តើមចេញពីការចាក់ដីថ្មី ហើយចេតីយ៍មានទម្ងន់ធ្ងន់ ទើបដីស្រុតចូលទៅក្នុងទន្លេតែម្តង។
នេះបើតាមការបញ្ជាក់អោយដឹងពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២តុលានេះ។
លោកឃួង ស្រេង បានអោយដឹងថា ដីមួយចំណែកនិងចេតីយ៍ដែលបានស្រុតទៅក្នុងទន្លេនេះ ទីតាំងនោះពីមុនជាដីទាបនៅជាប់មាត់ទន្លេ ហើយត្រូវបាន លោកចៅអធិការវត្តខាងលើ ចាក់ដីបំពេញ រហូតមានកំពស់រហូតដល់៤ទៅ៥ម៉ែត្រ ។ ក្រោយការចាក់ដីបំពេញហើយនោះ លោកចៅអធិការបានចេវដីនេះទៅអោយប្រជាពលរដ្ឋធ្វើចេតីយ៍ ដើម្បីដាក់សពជីដូន ជីតា កុងម៉ារបស់គេ ។ នៅពេលសាងសង់ចេតីយ៍ហើយ និងស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំង ធ្វើអោយដីដែលចាក់ថ្មីនោះជ្រៀយទន់ ម្យ៉ាង ចេតីយ៍មានទម្ងន់ធ្ងន់ទើបដីដែលចាក់ថ្មីនេះ ស្រុតចូលទន្លេតែម្តង ។
លោកអភិបាលបានបញ្ជាក់ទៀតថា ចំពោះការអះអាងពីការស្រុតដីចូលទន្លេនេះបបណ្តាលមកពីការបូមខ្សាច់ចេញពីបាតទន្លេនោះគឺមិនត្រឹមត្រូវទេ។
គួរបញ្ជាក់ថា ការបាក់ដីនិងចេតីយ៍ចំនួនមួយនៅក្នុងវត្តក្តីតាកុយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានកើតឡើងកាលពីថ្ងៃទី២០ តុលាកន្លងមកនេះ ហើយត្រូវបាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបាក់ច្រាំងទន្លេនេះ ដើម្បីរកវិធានការណ៏ដោះស្រាយបឋម ធ្វើយ៉ាងណាកុំឲមានការបាក់ច្រាំងបន្តទៀត ។ ពោលគឺប្រើប្រាស់ថ្ម ចាក់ចូលទៅក្នុងទន្លេ ដើម្បីទប់ស្កាត់ ។ ប៉ុន្តែគួរអោយសោគស្តាយ ខណៈក្រុមការងារចាកចេញបានតែបន្តិច ចេតីយ៍មួយនៅក្នុងវត្តក្តីតាកុយ នេះបានស្រុតចូលទៅក្នុងទន្លេបាត់។
បន្តបន្ទាប់មកទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបន្តចុះពិនិត្យស្ថានភាពជាក់ស្តែងម្តងទៀតនៅល្ងាចថ្ងៃទី២១ តុលា។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលបញ្ចុះសពឳពុក ម្តាយ ជីដូន ជីតា នៅក្នុងវត្តនេះក៏បានញាប់ដៃញាប់ជើង លើកសពចេញពីច្រាំងទន្លេផងដែរ ដើម្បីកុំអោយច្រាំងទន្លេលេបត្របាក់ទៅបាត់៕