រដ្ឋបាលរាជធានី បង្កើតគណៈកម្មការនិងអនុគណៈកម្មការចំនួន៥ដើម្បី ទទួលខុសត្រូវពិធីបុណ្យ ខណៈ កម្ពុជានឹងត្រូវប្រារព្វពិធីបុណ្យធំៗចំនួន៤ជាប់ៗគ្នានៅចុងឆ្នាំនេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការនិងអនុគណៈកម្មការចំនួន៥ ដើម្បីទទួលខុសត្រូវពិធីបុណ្យ ខណៈ កម្ពុជានឹងត្រូវប្រារព្វពិធីបុណ្យធំៗចំនួន៤ជាប់ៗគ្នានៅចុងឆ្នាំនេះ ។
នេះបើតាមការបញ្ជាក់អោយដឹងក្នុងកិច្ចប្រជុំស្តីពីការបង្កើត គណៈកម្មការ និង អនុគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកក៏ដូចការរៀបចំខួបអនុស្សាវរីយ៏លើកទី៦៥នៃទិវាបុណ្យ ឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោពលខេមរៈភូមិន្ទឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២២ តុលា ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញត្រូវតែផ្សព្វផ្សាយ និងគិតគូឲ្យបានរួចរាល់ពីចំងាយសំរាប់ពីធីបុណ្យទាំង៤នាពេលខាងមុខគឺ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា,បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក,។ពិធីសម្ពោធវិមានឈ្នះ ឈ្នះដើម្បីអបអរខួប២០ឆ្នាំនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងពិធីរំលឹកខួបអនុស្សាវរីយ៏នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិថ្ងៃ២ធ្នូ។រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការចំនួន៥ដើម្បី ទទួលខុសត្រូវសំរាប់ពិធីបុណ្យខាងលើក្នុងនោះមាន អនុគណៈកម្មការគ្រប់គ្រងទូក,កន្លែងស្នាក់នៅរបស់កីឡាករកីឡាការនីនិងទីលានប្រណាំងទូក។ អនុគណៈកម្មការការពារសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរ សង្គ្រោះទូកលិចនិងអ្នកជំងឺ។ អនុគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុ និងជីវភាព។ អនុគណៈកម្មការរៀបចំវេទិការ តុបតែងលំអរ សោភណ្ឌភាព អនាម័យនិងអគ្គីសនី និងអនុគណកម្មការផ្សព្វផ្សាយពត៏មាន សិល្បះនិងប្រទីប។
លោកឃួង ស្រេង ក៏បានជំរុញ ឲ្យមានការផ្តោត លើការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ,បញ្ហាចរាចរ,ការលក់ដូរត្រូវតែរិតបន្តឹង និងមានសណ្តាប់ធ្នាប់ដើម្បីឆ្ពោះទៅរកការប្រារព្វពិធីបុណ្យជាតិសំខាន់ខាងលើឲ្យប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។លោកបន្តថា អនុគណៈកម្មការនិមួយៗត្រូវប្រជុំ ពិភាក្សាលំអិត និងមានការទទួលខុសត្រូវរៀងៗខ្លួន។ចំពោះមន្ត្រីរាជការ អាជ្ញាធរដែនដី ក្នុងរយៈពេលប្រារព្វពិធីបុណ្យគឺត្រូវដាក់វេនប្រចាំការ និងមិនអនុញ្ញាតិឲ្យ សុំច្បាប់ឈប់សំរាកឡើយ។
មន្ត្រីជំនាញបានឲ្យដឹងថា ចំនួនទូកដែលត្រូវចូលរួមប្រកួតនាពេលខាងមុខគឺមិនតិចជាងឆ្នាំទៅនោះទេ។ដោយឡែកទូករាជធានីភ្នំ ពេញឆ្នាំនេះមានចំនួន៤២ទូកខណៈឆ្នាំទៅមានតែ៣៩ទូកប៉ុណ្ណោះ៕