ប្រធានផ្សារបឹងកេងកង ៖ ធ្វើសេចក្ដីជូនដំណឹង ស្ដីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និង ការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យ
ភ្នំពេញៈនៅព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨នេះលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមនបានប្រាប់អោយដឹងថា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការងារការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និង ការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យ ដោយចែកជូនដល់បងប្អូនអាជីវករនៅ តាមតូបឬស្តង់លក់ដូរអីវ៉ាន់និមួយៗ នៅក្នុងផ្សារបឹងកេងកងអោយមាន ការប្រុងប្រយ័ត្នខ្ពស់ផងដែរ ពោលគឺការពារប្រសើរជាជាង ព្យាបាលគឺដើម្បីសេចក្ដីសុខសប្បាយទាំងអស់គ្នាផងដែរ។
ជាមួយគ្នានេះដែរលោកប្រធានផ្សារបឹងកេងកង ខណ្ឌចំការមនក៏បានធ្វើការផ្លាស់ប្ដូរនូវ បំពង់ពន្លត់អគ្គិភ័យប្រភេទចាស់Bcនិងផ្លាស់ប្ដូរដាក់ប្រភេទថ្មីឡើងវិញ ប្រភេទABCដែលមានទម្ងន់១២គីឡូក្រាម ក្នុងបំពង់និមួយៗនោះ។
លោកប្រធានផ្សារបឹងកេងកងអោយដឹងទៀតថា ក្នុងនាមគណៈកម្មការផ្សារបឹងកេងកង មានកិត្តិយសសូមជូនដំណឹង ដល់បងប្អូនអាជីវករ ដែលកំពុងប្រកប មុខរបរអាជីវកម្មនៅ ក្នុងផ្សារបឹងកេងកងទាំងអស់ មេត្តាជ្រាបថាដើម្បីចូលរួម ចំណែករក្សានូវសន្តិសុខ សុវត្ថិភាព កែលម្អរសោភ័ណ្ឌភាពរាជធានីភ្នំពេញ និងការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យ គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង សូមអោយបងប្អូនអាជីវករទាំងអស់ គោរព និង អនុវត្តន៍តាមសេចក្ដីណែនាំ ដូចមានការរៀបរាប់ខាងក្រោមនេះ
១ត្រូវចូលរួមសហការអោយ ទាន់ពេលវេលាជាមួយកម្លាំងសន្តិសុខ ផ្សារបឹងកេងនូវរាល់សកម្មភាព របស់ជនខិលខូចដែលប៉ុនប៉ងមកធ្វើសកម្មភាព មិនល្អនៅក្នុងផ្សារ។
២ហាមលក់អាវុធគ្រឿងផ្ទុះ និង រាល់មុខទំនិញហាមឃាត់គ្រប់ប្រភេទដូចជាផាវ កាំជ្រួច កាំភ្លើងជ័រ …។ល។
៣ ត្រូវរៀបចំឬតាំងព្យួររាល់មុខទំនិញ អោយមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយល្អតាម ការណែនាំរបស់គណៈកម្មការផ្សារ។
៤ ហាមលេងល្បែងស៊ីសង់គ្រប់ប្រភេទ នៅក្នុងផ្សារជាពិសេសល្បែងស៊ីសង ចាក់ភ្នាល់កត់ចាក់កន្តុយលេខ និងល្បែងភ្នាល់ផ្សេងៗ។
៥ ម្ចាស់ទ្រុងទទួលផ្ញើកង់ ម៉ូតូ និង រថយន្តទាំងអស់ ត្រូវរៀបចំកង់ ម៉ូតូ និង រថយន្តអោយមានសណ្ដាប់ធ្នាប់ល្អ មិនត្រូវយកទ្រូងផ្លូវថ្នល់មកធ្វើអាជីវកម្ម និង ទទួលខុសត្រូវបោស សម្អាតអោយបានស្អាតជាប្រចាំ និង គោរពតាមតំលៃដែលមាន ចែងនៅក្នុងសៀវភៅបន្ទុក។
៦ ត្រូវមានបំពង់ពន្លត់អគ្គិភ័យ និង យល់ដឹងពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។
៧ ម្ចាស់អាជីវកម្មចរន្តអគ្គិសនី ត្រូវរៀបចំខ្សែចរន្តអគ្គិសនី អោយបានត្រឹមត្រូវតាមបទដ្ឋាន លក្ខណៈបច្ចេកទេស។
៨ មិនអនុញ្ញាតិអោយលក់ដូរប្រើប្រាស់ហ្គាស ឬ ទំនិញដែលងាយឆាបឆេះ។
៩ ត្រូវរៀបចំកន្លែងដុតទៀន ធូក អោយនៅឆ្ងាយពីទំនិញ ដែលកំពុងដាក់តាំងលក់ដូរនៅតាមតូបឬស្តង់នៅក្នុងផ្សារ។
១០ ត្រូវម្ចាស់ការពន្លត់ ភ្លើងទៀន ធូក ចង្រ្កាន និង បិទប៉ារ៉ែត ឬ ឌីហ្សង់ទ័រអគ្គិសនីអោយបានត្រឹមត្រូវមុន និងចាកចេញទៅលំស្ថានរៀងៗខ្លួន។ និង១១ត្រូវធ្វើអនាម័យ នៅខាងក្រោយ និង ខាងមុខតូប ឬ ស្តង់របស់ខ្លួនព្រមទាំងរៀបចំដំបូលតូប អោយមានរបៀបរៀបរយល្អប្រសើរ និង វេចខ្ចប់បែងចែកសំរាមស្ងួត សំរាមសើម អោយបានត្រឹមត្រូវតាមការ កំណត់ជាប្រចាំផងដែរហើយខាង គណះកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមនសង្ឃឹមយ៉ាងជឿ ជាក់ថាបងប្អូនអាជីវករទាំងអស់ គាត់ប្រាកដ ជាយកចិត្តទុកដាក់ចូលរួម អនុវត្តន៍នូវសេចក្ដីជូនដំណឹងខាងលើនេះ អោយមានប្រសិទ្ធិភាពខ្ពស់ ជាក់ជាមិនខានឡើយ៕