អគ្គនាយកដ្ឋានពន្ធដារ ពាក់ព័ន្ធនឹងការអនុវត្តការប្រមូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើង តាមបណ្តាញសង្គមមួយចំនួនដោយការភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសស្រាក់សស្រ័របស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច
ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ដើម្បីចៀសវាងការភាន់ច្រឡំដោយប្រការណាមួយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ត កែទម្រង់រដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺជូនសាធារណជន ដូចតទៅ៖
១. អំពីការយកពន្ធលើចំណេញមូលធន
ពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាក់ស្ដែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏ បានបង់ពន្ធនេះដែរ។ ក្រោយមក ពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធឆ្នាំ១៩៩៧ ហើយ ការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលត្រូវបានចែងលម្អិតក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០០៧។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើ ចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹង ការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់និង សាកលលោក។ ជាការគិតគូរចំពោះផលប៉ះពាល់នានាបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ ចំនួន ៣ លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។ ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។
ដូច្នេះ ការលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជា រយៈពេលកំណត់ សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ។
ការលើកឡើងជារួមពាក់ព័ន្ធនឹងពន្ធដារ
ចំពោះការលើកឡើងនៅតាមបណ្តាញសង្គមមួយចំនួន គឺពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនោះទេ ពោលគឺមាន ចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់មកលើអគ្គនាយកដ្ឋានពន្ធដារដែលជាស្ថាប័នរាជរដ្ឋាភិបាល ដែលកន្លងមកបានខិតខំប្រឹងប្រែងចូលរួមចំណែក យ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដែលបាននិងកំពុងខិតខំយ៉ាងសស្រាក់សម្រាំក្នុង ការដឹកនាំនាវាកម្ពុជាបន្តស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេស ការខិតខំខ្នះខ្នែង ទាក់ទាញវិនិយោគក្នុងស្រុកនិងបរទេស ទន្ទឹមនឹងការពិចារណាគិតគូរជាបន្តបន្ទាប់លើសុខទុក្ខ និងលើកកម្ពស់ជីវភាព
ប្រជាពលរដ្ឋ។
ក្នុងន័យបំភ្លឺបន្ថែមនិងចៀសវាងការភាន់ច្រឡំពីមតិសាធារណជនទូទៅ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺចំពោះចំណុចមួយចំនួនដូចខាងក្រោម៖
ក. ការលើកឡើងថា “រដ្ឋគិតតយកពន្ធ ខណៈដែលប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត” ឆ្លើយតបនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនថា ទន្ទឹមនឹងការប្រមូលចំណូលដើម្បី ការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលក៏បានគិតគូរខ្ពស់ពីការសម្រួល បរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការលើក ទឹកចិត្តជាច្រើនជាបន្តបន្ទាប់និងស្ទើរគ្រប់វិស័យ។ ក្នុងនោះ ការដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធដើម្បី សម្រួលដល់ជីវភាពប្រជាពលរដ្ឋទូទៅ ជាអាទិ៍មាន៖
ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋដែល ប្រកបអាជីវកម្មតូចតាចគ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធដែល ត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាស
កំណត់បន្ថែមការផ្គត់ផ្គង់មួយចំនួនជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គិសនីនិងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូល
សំរាម យន្តការនេះមានគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ដែលត្រូវបង់ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗក្នុងការប្រកបអាជីវកម្ម ការលុបចោលពន្ធសត្តឃាតដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វដែលជាអាហារមូលដ្ឋានសម្រាប់ ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត
ការដាក់ចេញនូវវិធានគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូចក្នុងកិច្ចប្រតិបត្តិការអាជីវកម្ម តូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ
ការកាត់បន្ថយជាច្រើនលើកនូវមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស តាមរយៈការដំឡើងជាបន្តបន្ទាប់នូវកម្រិត អប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូលដែលត្រូវជាប់ពន្ធលើប្រាក់ចំណូល ដើម្បី ធានាថាមន្ត្រីរាជការសាធារណៈនិងកម្មករ-និយោជិត ដែលទទួលបានប្រាក់បៀវត្សឬប្រាក់ឈ្នួលអប្បបរមា មិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ
ការលុបការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះយានយន្តមួយចំនួន ជាអាទិ៍ ទោចក្រយានយន្ត, ត្រីចក្រ យានយន្ត, ជលយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បីសម្រាលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋទូទៅ
ការអនុគ្រោះពន្ធប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ
ការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន។
ការលើកឡើងថាមានការដំឡើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរនិងភ្ញៀវទេសចរណ៍
មានការលើកឡើងថាមានការប្រមូលពន្ធឬដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ ដែលករណីនេះគឺជាការលើកឡើងពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះឡើយ។ ការលើកឡើងនេះអាចជាការលើកឡើងសំដៅដល់ការស្នើដំឡើង
កម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋាន។
ការលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្ដាលមកពីការយកពន្ធ
ករណីនេះ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺជូនសាធារណជនជ្រាបថា កន្លងមករាជរដ្ឋាភិបាលតែងតែមានការ គិតគូរនិងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងចាត់ទុកវិស័យកសិកម្មគឺជាវិស័យអាទិភាព។ តាមរយៈនេះ រាជរដ្ឋាភិបាលបាន ដាក់ចេញជាបន្តបន្ទាប់នូវវិធានការលើកទឹកចិត្តលើផ្នែកផ្សេងៗ និងជាពិសេសបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះវិស័យកសិកម្មទាំងស្រុងដូចបានជម្រាបជូនក្នុងចំណុចទី២-ក។ ដូច្នេះ ការលើកឡើងថាការធ្លាក់ថ្លៃនៃផលិតផល កសិកម្មបណ្ដាលមកពីការយកពន្ធ ពុំឆ្លុះបញ្ចាំងពីការពិតនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែង វិស័យកសិកម្មឡើយ។
ជារួម តាមរយៈការសង្កេតលម្អិតលើករណីនីមួយៗដែលត្រូវបានលើកឡើង អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញ ថាក្នុងចំណោមការលើកឡើងទាំងនោះ មួយចំនួនលើកឡើងក្នុងន័យបង្កាច់បង្ហូចកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលថ្មីពីសំណាក់ក្រុមប្រឆាំង, មួយចំនួនផ្សព្វផ្សាយក្រោមចេតនាធ្វើឱ្យមានការភាន់ច្រឡំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន, មួយចំនួនលើកឡើងដោយការភាន់ច្រឡំហើយផ្សព្វផ្សាយបន្តគ្នា
និងមួយចំនួនទៀតលើកឡើងក្នុងគោលដៅទាក់ទាញ
អ្នកទស្សនា។ អគ្គនាយកដ្ឋានពន្ធដារក៏សូមថ្លែងអំណរគុណចំពោះការលើកឡើងមួយចំនួនដែលមានការស្វែងយល់បាន ច្រើនអំពីពន្ធ ដោយបានលើកឡើងជួយពន្យល់បកស្រាយជូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងបន្ថែម ចៀសវាងការ
ភាន់ច្រឡំនានាមកលើរាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងប្រកាន់ខ្ជាប់នូវគោលការណ៍ពង្រឹងអភិបាលកិច្ចល្អ និងជាស្ថាប័នរាជរដ្ឋាភិបាលមួយ ក្នុងចំណោមស្ថាប័នដែលឈានមុខក្នុងការកែទម្រង់ ជាពិសេសការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងទទួលបាន លទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអំពាវនាវនិងលើកទឹកចិត្តដល់សាធារណជន ទាំងអស់សូមធ្វើការឈ្វេងយល់ពីព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាននិងចែករំលែក បន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រឡំ។ ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹង ពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយ ឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕