ប្រទះឃើញសពប៉ូលិសម្នាក់ និងនារីលក់អនឡាញម្នាក់ ដេកស្លាប់ក្បែរគ្នា និងមានកាំភ្លើងខ្លីមួយដើម សង្ស័យករណីបាញ់សម្លាប់ហើយបាញ់ខ្លួនឯង
កណ្តាល៖ សាកសពមនុស្សប្រុសស្រីពីរនាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ហើយមានអាវុធខ្លីមួយដើមនៅក្បែរខ្លួនសាកសពផងដែរ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២៣ស្ថិតនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
សាកសពទាំងពីរនាក់មានឈ្មោះ ទី១-ឆើត ឆវិន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិ២ សង្កាត់វាលវង់ខណ្ឌប្រាំ៧មករា រាជធានីភ្នំពេញ។
ចំណែកសាកសពម្នាក់ទៀតឈ្មោះ-ឈឿន មួយឡេង ស្រីអាយុ ៣២ឆ្នាំ មុខរបរជាអ្នកលក់អនឡាញ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មាននៅកន្លែងការហេតុបានដឹងថា ក្រុមគ្រួសារសាច់ញាតិបានប្រកាស បាត់ដំណឹងអ្នកទាំងពីរតាំងពីថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២៣ ហើយសាកសពអ្នកទាំងពីរ ត្រូវបានអ្នកភូមិប្រទះឃើញកាលពីព្រឹកមិញ ហើយក៏បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលដែលសមត្ថកិច្ចនគរបាលប៉ុស្ត៍កោះកែវ បានទទួលព័ត៌មានថាមានករណីមនុស្សស្លាប់ពីរនាក់ខាងលើនេះ កម្លាំងប៉ុស្តិ៍បានចុះទៅធ្វើការយកខ្សែហ៊ុព័ទ្ធ នៅទីតាំងកើតហេតុខាងលើ នឹងបានរាយការណ៍បន្តទៅ កាន់កម្លាំងជំនាញនគរបាលស្រុកល្វាឯម និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស របស់ស្នងការដ្ឋាននគបាលខេត្តកណ្ដាល ដើម្បីចុះទៅពិនិត្យសាកសពទាំងពីរនាក់ខាងលើ។
ដោយសមត្ថកិច្ចបានបញ្ជាក់ថា សាកសពទាំងពីរនាក់គឺត្រូវនឹងគ្របកាំភ្លើង អាចជាករណីបាញ់សម្លាប់នារីខាងលើ រួចហើយបុរសដែលជាមន្ត្រីប៉ូលីសហ្នឹងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហើយសាកសពទាំងពីរត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕