ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង ណែនាំអោយប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថាន នៅជុំវិញនិងក្នុងផ្សារ

158

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានណែនាំអោយប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថាននៅជុំវិញនិងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះ គណៈកម្មការផ្សារត្រូវមានភាពស្និទ្ធស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធ ។

ការណែនាំបែបនេះរបស់ លោកឃួង ស្រេងបានធ្វើឡើង ក្នុងកិច្ចប្រជុំ ពង្រឹងការងារគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតអោយមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជម្រុញអោយមានការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥អោយបានកាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរពនិងស្រលាញ់ពីប្រជាពលរដ្ឋនិងអាជីវករ។

លោកបន្តថា ប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិអោយបានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួល យើងថែទាំពួកគាត់ ។ បន្ថែមពីនេះត្រូវណែនាំបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ។

លោក ឃួង ស្រង ក៏បានជម្រុញអោយ ពិនិត្យអោយម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងអោយពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវពិនិត្យអោយបានម៉ត់ចត់។ ក្នុងនាមយើងជាអាណាព្យាបាលប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទាំង១៤និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋនិងអាជីវករគោរពស្រលាញ់យើងអោយបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង