លោក Nguyen Phu Trong ស្បថឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់វៀតណាម
(ហាណូយ)៖ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីថ្មី របស់ប្រទេសវៀតណាម ក្រោយពីលោក ត្រាន ដៃហ្គ័ង (Tran Dai Quang) ប្រធានាធិបតីទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា។
សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨ បានផ្សាយថា
លោក Trong កើតនៅឆ្នាំ១៩៤៤ បានបញ្ចប់ថ្នាក់សិក្សា PhD ក្នុងមុខជំនាញនយោបាយ និងការកសាងបក្ស ហើយលោកបានក្លាយជាសមាជិកការិយាល័យនយោបាយ របស់គណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ បន្ថែមពីនេះលោកក៏ធ្លាប់បានកាន់តំណែងជាប្រធានរដ្ឋសភាវៀតណាម ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ផងដែរ។ បន្ទាប់មកលោកក៏បានឈានទៅកាន់តំណែង ជាអគ្គលេខាធិការបក្ស នៅឆ្នាំ២០១១ និងជាប់បន្តទៅអាណត្តិទី ២ ទៀតនៅឆ្នាំ២០១៦។
គួរបញ្ជាក់ថា ពីរថ្ងៃក្រោយប្រធានាធិបតីមុនគឺលោក Tran Dai Quang ទទួលមរណភាព លោកស្រីអនុប្រធានាធិបតី ដាង ធី ង៉ុក ទិញ (Dang Thi Ngoc Tinh) បានឡើងជាប្រធានាធិបតីស្តីទី ហើយបានកាន់តួនាទីដ៏សំខាន់នេះ បន្តរហូតដល់ប្រធានាធិបតីថ្មីត្រូវតែងតាំងជាផ្លូវការដូចនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នេះតែម្តង ក្រោមសំឡេងគាំទ្រ ៩៩,៨ភាគរយ នៅក្នុងសភាជាតិ ហើយលោក Nguyen Phu Trong នៅតែបន្តកាន់តំណែងជាអគ្គលេខាធិការបក្សដដែល ដោយការកាន់តំណែងធំៗពីរក្នុងពេលតែមួយបែបនេះ គឺជារឿងមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីសម័យកាលដឹកនាំរបស់លោក ហូ ជីមិញ។