ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ នឹកដល់កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ គេនៅចាំមិនភ្លេចនូវស្ថាបនិកសំខាន់គឺ “សីហនុ-ហ៊ុនសែន”

303

ភ្នំពេញ៖ ថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៨ ជាខួប ២៧ឆ្នាំ នៃកិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា ហៅកាត់ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស”។ កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានធ្វើឡើង ក្នុងបំណងបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ ឈានដល់ការបោះឆ្នោតឆ្នាំ១៩៩៣ ហើយតួអង្គស្ថាបនិកសំខាន់ ដែលនាំដល់កិច្ចព្រមព្រៀងនេះ គឺសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា ឬហៅកាត់ថា “កិច្ចព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា” ចុះហត្ថលេខាដោយភាគីខ្មែរ ចំនួន ៤ភាគី រួមមាន៖ ១-សាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ២-ចលនាហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ៣-រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ KNPLF ដឹកនាំដោយសម្តេច សឺន សាន និង៤-ភាគីខ្មែរក្រហមដឹកនាំដោយលោក ខៀវ សំផន។ ក្រៅពីនោះ ក៏មានរដ្ឋាភិបាលចំនួន ១៩ ប្រទេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រួមមាន៖ ១-អូស្ត្រាលី ២-ប្រ៊ុយណេ ៣-កាណាដា ៤-ចិន ៥-បារាំង ៦-ឥណ្ឌា ៧-ឥណ្ឌូនេស៊ី ៨-ជប៉ុន ៩-ឡាវ ១០-ម៉ាឡេស៊ី ១១-ហ្វីលីពិន ១២-សិង្ហបុរី ១៣-ថៃ ១៤-សូវៀត ១៥-ចក្រភពអង់គ្លេស ១៦-សហរដ្ឋអាមេរិក ១៧-វៀតណាម ១៨-យូហ្គោស្លាវី និង១៩-អគ្គលេខាធិការអង្គការសហប្រជាជាតិ។
កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ គឺជាទិវាជាប្រវត្តិសាស្ត្រ ដែលនាំមកនូវការបញ្ចប់ជម្លោះផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

កិច្ចព្រមព្រៀងនេះ ផ្តើមចេញពីជំនួបជាប្រវត្តិសាស្ត្រលើកទី១ រវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS និងលើកទី២ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE នៅប្រទេសបារាំង ព្រមទាំងជំនួបជាបន្តបន្ទាប់ នៅបាងកក ប្រទេសថៃ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងនៅទីក្រុប៉េកាំង ប្រទេសចិន ជាដើម។
រដ្ឋបុរសទាំងពីរ បានខិតខំ ប្រកបដោយបញ្ញាញាណ ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ក្នុងនោះ រួមមាន៖ ១- សេចក្តីថ្លែងការណ៍ ហ្វែអង់តាដឺន័រ ឆ្នាំ១៩៨៧, ២- កិច្ចព្រមព្រៀង បាងកក ឆ្នាំ១៩៩០, ៣- កិច្ចព្រមព្រៀង តូក្យូ ឆ្នាំ១៩៩០ និង៤- សេចក្តីប្រកាសរួម ប៉េកាំង ឆ្នាំ១៩៩១។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ នាំឲ្យកម្ពុជាយើង ឈានដល់ការបោះឆ្នោតជាតិ រៀបចំដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣។
ក៏ប៉ុន្តែជម្លោះស៊ីវិលរវាងខ្មែរ និងខ្មែរ មិនទាន់បញ្ចប់ទេ ដោយសារតែការបោះឆ្នោតឆ្នាំ១៩៩៣ កាលណោះ ភាគីខ្មែរក្រហម មិនចូលរួមការបោះឆ្នោត ហើយបន្តបោះជំរុំ ជាកម្លាំងឧទ្ទាមក្នុងព្រៃ នៅខេត្តជាប់ព្រំដែនថៃ ដោយសូម្បីតែកងកម្លាំងអ៊ុនតាក់ ក៏មិនអាចចូលទៅក្នុងទឹកដី ដែលកាន់កាប់ដោយខ្មែរក្រហមបានឡើយ។
សង្គ្រាមស៊ីវិល នៅកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលកងកម្លាំងអតីតខ្មែរក្រហម ដឹកនាំដោយនួនជា ខៀវសំផន និងអៀងសារី បានមកចុះចូលដល់ផ្ទះរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
យ៉ាងណាក៏ដោយ រដ្ឋបុរសកម្ពុជាទាំងពីរ គឺសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គសំខាន់ នាំដល់ការបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ។
ក្នុងនោះ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ រាប់ចាប់ពីរដ្ឋប្រហារដឹកនាំដោយលន់នល់ ទម្លាក់សម្តេចព្រះ នរោត្តមសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បន្តដល់សម័យខ្មែរក្រហម ឆ្នាំ១៩៧៥ ហើយក្រោយពីខ្មែរក្រហម ដួលរលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក៏ចូលដល់សម័យរដ្ឋកម្ពុជា ក៏នៅតែមានសង្គ្រាមរវាងខ្មែរ និងខ្មែរ។ តែសង្គ្រាមនេះ ត្រូវបញ្ចប់ តែមិនទាន់ទាំងស្រុងទេ នៅពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។
រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ បន្ទាប់ពីមេដឹកនាំខ្មែរក្រហម ដឹកនាំដោយនួនជា អៀងសារី និងខៀវសំផន បានមកសុំសម្តេចតេជោ ហ៊ុន សែន ចុះចូលដល់ផ្ទះរបស់សម្តេច នៅក្រុងតាខ្មៅ ខេត្តកណ្តាល តាមរយៈនយោបាយឈ្នះឈ្នះ។
នៅពេលនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តដឹកនាំកម្ពុជា ថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រទេស ឲ្យស្គាល់ការរីកចម្រើនជាថ្មី បន្ទាប់ពីកម្ពុជាស្គាល់នូវការរីកចម្រើនម្តងរួចមកហើយ ក្នុងជំនាន់សង្គមរាស្ត្រនិយម ក្នុងទស្សវត្សរ៍ឆ្នាំ៦០ ក្រោមការដឹកនាំរបស់សម្តេចព្រះបិតា នរោត្តម សីហនុ៕

អត្ថបទដែលជាប់ទាក់ទង