ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យប្រមុខដឹកនាំទាំងអស់សំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មពិភពលោក ដើម្បីរក្សាបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្ត្រ នយោបាយ

75


ទីក្រុងហ្សឺណែវ, ស្វីស៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រមុខដឹកនាំទាំងអស់សំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមសកល ដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ននេះ ដើម្បីរក្សាបាននូវបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្ត្រនយោបាយ ក៏ដូចជា បង្កើនការទុកចិត្ត ក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្ម។

គួរបញ្ជាក់ថា៖ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះដោយសារតែសម្តេច មើលឃើញពិភពលោកយើងកំពុងជួបនឹងសង្គ្រាមពាណិជ្ជកម្ម ដ៏ស្រួចស្រាល និងអាចអូសបន្លាយរយៈពេលវែងដោយសារការ ប្រកាន់នូវគោលនយោបាយគាំពារនិយម និងជំហរឯកតោភាគីនិយម ដោយប្រទេសជឿនលឿនខ្លះ ដែលបង្កផលប៉ះពាល់ដល់ប្រយោជន៍ប្រទេស ភាគច្រើនដែលគាំទ្រសាកលភាវូបនីយកម្ម។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ ទស្សនវិស័យវិនិយោគរបស់កម្ពុជា ក្នុងយុគសម័យសាកលភាវូបនីយកម្ម នៅថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មដ៏ស្រួចស្រាលនេះ បានធ្វើឲ្យការចរចាពាណិជ្ជកម្ម ក្នុងអង្គការពាណិជ្ជកម្មពិភពលោក ត្រូវជាប់គាំងដោយសារភាពមិនច្បាស់លាស់ នៃគោលនយោបាយពន្ធថ្មីៗ ព្រមទាំងការដាក់គំនាប និងទណ្ឌកម្មនានា ជាហេតុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញទំនិញ ពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចទៅផ្សារអន្តរជាតិ ក៏ដូចជា បង្កឧបសគ្គដល់ការអនុវត្តរបៀបវារៈ២០៣០ នៃអង្គការសហប្រជាជាតិផងដែរ។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឈរលើមូលដ្ឋាននេះ ខ្ញុំសូមស្នើឲ្យប្រមុខដឹកនាំទាំងអស់គ្នាសំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមសកលនេះ ដើម្បីរក្សាបាននូវបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្ត្រនយោបាយ ក៏ដូចជា បង្កើនការទុកចិត្ត ក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្មផងដែរ»។

ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិមួយ ប្រកបដោយស្មារតីទទួលខុសត្រូវ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែក ជាមួយដៃគូរពាក់ព័ន្ធ ទាំងអស់ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសេរី និងស្នើភាព ក៏ដូចជា ដើម្បីរក្សាសន្ដិភាព, សន្ដិសុខ និងស្ថេរភាពក្នុងតំបន់ និងក្នុងពិភពលោក។ ជាមួយគ្នានេះ សម្តេចសូមអញ្ជើញប្រមុខដឹកនាំប្រទេស និងក្រុមហ៊ុននានាចូលរួមជាដៃគូវិនិយោគជាមួយយើង ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា និងលើកកម្ពស់កំណើនពិភពលោក។

នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានអនុគ្រោះ និងការគាំទ្រដល់ការវិនិយោគ ជាពិសេសធានារក្សានូវសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ប្រកដោយប្រសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាព»។

ជាងនះទៅទៀតសម្តេចបានថ្លែងទៀតថា កម្ពុជាសូមគាំទ្រពេញទំហឹង នូវគោលនយោបាយអន្ដរជាតិនានា ដែជ្រោមជ្រែងដល់ការវិនិយោគ ទាំងក្នុងតំបន់ និងលើសាកលលោក ព្រមទាំងសូមអំពាវនាវដល់ដៃគូរ អភិវឌ្ឍន៍នានា មេត្តាផ្ដល់ជំនួយបច្ចេកទេសផ្សេងៗដល់បណ្ដា ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយគាំទ្រដល់ការរៀបចំ និងអនុវត្តគោលនយោបាយគាំទ្រកំណើន ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង