ក្រសួងមុខងារសាធារណៈ ចេញគោលការណ៍ស្តីពីការផ្ទេរ និង ផ្លាស់ប្តូរមន្ត្រីរាជការ
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការផ្ទេរ និងផ្លាស់ប្តូរការងាររបស់មន្ត្រីរាជការស៊ីវិល ដោយយោងតាម ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ស្ដីពី ការផ្អាកការផ្ទេរនិងផ្លាស់ប្តូរការងាររបស់មន្ត្រីរាជការស៊ីវិល។
ចំណារឯកភាពដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្តី លើលិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ៥១៧២/២៣ មស.របក ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ មេត្តាជ្រាបថា ផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលឱ្យមានស្ថិរភាព និងប្រសិទ្ធភាព ក្រសួងមុខងារសាធារណៈសូម ជម្រាបជូនអំពីការពិនិត្យសំណើសុំផ្ទេរ និងផ្លាស់ប្តូរកន្លែងការងាររបស់មន្ត្រីរាជការស៊ីវិលរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖
១. ក្រសួងមុខងារសាធារណៈនឹងបន្តពិនិត្យ និងផ្ដល់ទិដ្ឋាការចំពោះសំណើដែលមានការឯកភាពរួចហើយពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នក្នុងអាណត្តិមុន អនុលោមបែបបទ និងនីតិវិធីជាធរមាន។ ដោយឡែក សំណើ ដែលទទួលបានការឯកភាពពីថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងត្រូវអនុវត្តផ្អែកលើគោលការណ៍សម្រេចផ្អាកជាទូទៅរបស់រាជរដ្ឋាភិបាល រហូតដល់មាន ការណែនាំជាថ្មី ឬការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល។
២. ក្រសួងមុខងារសាធារណៈនឹងពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើផ្ទេរនិងផ្លាស់ប្តូរការងារក្នុងករណីដូចខាងក្រោម៖
មន្ត្រីរាជការកំពុងបម្រើការងារក្នុងក្រសួង ស្ថាប័នមួយហើយបានប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន មួយផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌទៅបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នដែលសាមីមន្តី បានប្រឡងជាប់
មន្ត្រីរាជការដែលត្រូវបានតែងតាំងក្នុងមុខតំណែងនយោបាយដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំកម្រិតនយោបាយ និងក្នុងមុខតំណែងមុខងារសាធារណៈ អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ក្រុង ស្រុក ខណ្ឌ ឬមុខតំណែងប្រហាក់ប្រហែលផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌ និងការបើកបៀវត្សនៅក្រសួង ស្ថាប័ន និងអង្គភាពថ្មី ការផ្ទេរ និងផ្លាស់ប្ដូរកន្លែងការងារ ក្នុងក្រសួង ស្ថាប័នតែមួយ ដែលជួយដល់ការពង្រាយមន្ត្រីទៅតំបន់ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះមន្ត្រី (តំបន់ក្រៅទីប្រជុំជន) ក្នុងរូបភាពដូចខាងក្រោម៖
ក. ការផ្ទេរឆ្លងអង្គភាពពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ
ខ. ការផ្ទេរពីរាជធានី ទៅខណ្ឌ និងទៅខេត្ត
គ. ការផ្ទេររវាងខេត្ត និងខេត្ត (មិនអនុញ្ញាតការផ្ទេរចូលរាជធានីភ្នំពេញ)
ឃ. ការផ្ទេរពីខេត្ត ទៅ ក្រុង ស្រុក៕