ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋជិត១០០០នាក់ នៅឃុំ២ធ្នូ មានដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្នើសម្តេចតេជោ ជួយអន្តរាគមន៍

120


ភ្នំពេញ៖ ប្រជាពលរដ្ឋជិត១០០០នាក់ នៅភូមិជើងខ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៨នេះ បាននាំគ្នាឡើងមកតវ៉ារឿងដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ ដើម្បីឲ្យលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជួយដោះស្រាយ។ ប្រជាពលរដ្ឋមកតវ៉ាទាមទារដីធ្លីរបស់ពួកគាត់ នៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហើយក៏មានប៉ះទង្គិចគ្នា រវាងសមត្ថកិច្ចក្រុមសណ្តាប់ធ្នាប់ខណ្ឌចំការមន ជាមួយក្រុមអ្នកតវ៉ា បណ្តាលឲ្យស្ត្រីម្នាក់សន្លប់ ។

លោកតូច តុល ជាតំណាងប្រជាពលរដ្ឋ បាននិយាយថា ពួកខ្ញុំជាច្រើននាក់ បាននាំគ្នាមកនេះដើម្បីស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ទៅក្រុមហ៊ុនចំការកៅស៊ូមេមត់ ឲ្យប្រគល់ដីជូនពួកខ្ញុំវិញ ដែលបានអាស្រ័យផលតាំងពីឆ្នាំ២០១៤។ ហើយប្រសិនបើចែកជូនពួកខ្ញុំខ្លះកុំអត់ទទេពេក ហើយពួកខ្ញុំម្នាក់ៗមានដី៤ ឬ៥ ហិកតា និងមានអ្នកខ្លះរហូតដល់១០ហិកតា ហើយសូមថ្នាក់ខេត្ត ក្រសួង ប្រគល់ជូនដី២ហិកតា និងដីភូមិ ២០ម៉ែត្រ ក៏ពួកខ្ញុំព្រមយកដែរ ហើយសុំដីដែលពួកខ្ញុំធ្លាប់រស់នៅបង្កបង្កើនផលពីមុន ហើយដូរដីទៅកន្លែងផ្សេង ពួកខ្ញុំអត់ទៅយកទេ។

តំណាងប្រជាពលរដ្ឋ បានបន្ថែមថា ដីនោះ គឺជាដីសាធារណៈរបស់រដ្ឋ មិនមែនដីរបស់ក្រុមហ៊ុមចំការកៅស៊ូមេមត់នោះទេ ទើបប្រជាពលរដ្ឋច្រើននាក់ ធ្វើចំណាកស្រុកមកពីខេត្តផ្សេងៗ ដូចជា ស្វាយរៀង តាកែវ កំពត កំពង់ចាម កំពង់ធំ ជាដើម បានមកកាប់ឆ្ការដាំដំណាំ ហូបផ្លែ និងធ្វើស្រែ ហើយបើកាលពីឆ្នាំ២០១៤នោះ ម្តេចក្រុមហ៊ុនចំការកៅស៊ូមេមត់ មិនថាជារបស់ខ្លួនទៅ ហើយនៅពេលប្រជាពលរដ្ឋមកកាប់ឆ្ការរានដី និងសង់ផ្ទះ ក៏មិនដេញចេញ ប៉ុន្តែស្រាប់តែមកដល់ប្រជាពលរដ្ឋកាប់ឆ្ការរានដី ដាំដំណាំ និងធ្វើផ្ទះបានល្អ​ស្អាត អស់រាប់ដុល្លារ ទើបមកដេញប្រជាពលរដ្ឋចេញ ថាជាដីរបស់ខ្លួនទៅវិញ ក្នុងពេលមានទំនាស់គ្នា ក្នុងថ្ងៃ៨មីនាឆ្នាំ២០១៧ ។ ក្នុងពេលនោះ ក្រុមហ៊ុនបានយគ្រឿងចក្រមកកាយដីដើម្បីធ្វើទំនប់ ហើយប្រជាពលរដ្ឋលើកគ្នាតវ៉ារារាំង ក៏កើតការផ្ទុះសរ៉ាយ ដាក់កម្លាំង ដុតផ្ទះប្រជាពលរដ្ឋ តែម្តង។ លោកបានបន្តថា ឥឡូវនេះ ក្រុមហ៊ុនបានកម្លាំងសន្តិសុខការពារដីនោះ មិនឲ្យប្រជាពលរដ្ឋចូលទៅក្នុងដីទំនាស់នោះទេ ហើយក្រុមហ៊ុនក៏មិនទាន់ដាំដំណាំកៅស៊ូទេ ដោយរង់ចាំការដោះស្រាយ។ ប្រជាពលរដ្ឋដែលរស់នៅលើដីនោះ មិនមានឯកសារបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាននោះទេ ចេះតែនាំគ្នាមករស់នៅលើដីនោះតាមៗគ្នាទៅ។

ក្រុមប្រជាពលរដ្ឋទាំងនោះ មានជម្លោះដីធ្លីផ្សេងទៀត ធ្វើដំណើរពីវត្តសាមគ្គីរង្សី ឆ្ពោះទៅកាន់ភូមិគ្រឹះសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចរារាំងម្តុំស្ថានទូតវៀតណាម មុខក្រសួងដែនដី។​

ក្នុងការតវ៉ានេះ ប្រជាពលរដ្ឋបានធ្វើការបិទផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ ។ ដើម្បីដោះស្រាយបញ្ហានេះ លោកមាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ និងលោកព្រំ សំខាន់ អភិបាលខណ្ឌចំការមន បានចុះដោះស្រាយនិងសម្របសម្រួល ដើម្បីឲ្យប្រជាពលរដ្ឋតវ៉ាឲ្យមានរបៀបរៀបរយ កុំបង្កការរាំងស្ទះដល់អ្នកដំណើរ។

សូមបញ្ជាក់ថា ជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ រហូតនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បានបណ្ដាលឲ្យស្ទះការធ្វើដំណើរនារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨នេះ។
អំពើហិង្សាដែលខាងប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ អះអាងថា ប្រើកាំបិត ចំពាមកៅស៊ូប្រើគ្រាប់ដែក និងកាំភ្លើងកែច្នៃ រីឯកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមានអាវុធនៅក្នុងដៃនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្រឹត្ដិការណ៍នេះ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណងតូចៗរបស់ពួកគាត់ នៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់។ នៅក្នុងហេតុការណ៍ប៉ះទង្គិច គ្នាមួយប្រាវនេះ បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចចំនួន៧នាក់រងរបួស ភាគីពលរដ្ឋ២នាក់រងរបួស និងពលរដ្ឋ៧នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នយកមកសួរនាំបន្ដ។ ករណីនេះមាន ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលជាជនចំណាកស្រុកមកពីខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានចូលទៅកាប់ឆ្ការយកដីក្រុមហ៊ុន ចំការកៅស៊ូមេមត់ ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលចំនួន៩០០០ហិកតា។
អាជ្ញាធរបានជួបសម្របសម្រួលជាមួយពួកគាត់ ដោយពន្យល់ណែនាំថា ពលរដ្ឋណាម្នាក់អត់ដីពិតប្រាកដ អាចទៅសុំបញ្ជាក់ពីអាជ្ញាធរដើមរបស់ខ្លួន រួចហើយមកជួបអាជ្ញាធរ ដើម្បីស្នើសុំរៀបចំដីសង្គមកិច្ចជូនពួកគាត់ ដោយអាជ្ញាធរមិនទុកឲ្យពួកគាត់អត់ដីធ្លីផ្ទះសំបែងយ៉ាងដូច្នេះឡើយ ពីព្រោះបើមករស់នៅក្នុងទឹកដីស្នួល គឺជាពលរដ្ឋរបស់ខ្លួន ហើយ ក្នុងនាមជាថ្នាក់ដឹកនាំនៅមួលដ្ឋាន នៅតែរក្សាជំហរធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំងនេះ ដើម្បីឲ្យពួកគាត់មានដីធ្លីពិតបា្រកដ និងបញ្ឈប់ឲ្យមានសកម្មភាពកាប់រុករានដីដោយខុសច្បាប់បែបនេះតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង