អនុប្រធានភូមិព្រៃបឹង ស្លាប់ ក្នុងផ្ទះសំណាក់ភ្នំមាស ក្រោយពេលនាំស្នេហ៍ឡើងឋានសួរបាន២ដង
ភ្នំពេញ ៖បុរសចំណាស់ម្នាក់ដែលជាអនុប្រធានភូមិព្រៃបឹងបានគាំងបេះដូងស្លាប់នៅក្នុងផ្ទះសំណាក់ ក្រោយឡើងឋានសួរជាមួយស្រីស្នេហ៍ កាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺថ្ងៃទី២៤ តុលា នេះ ស្ថិតនៅផ្ទះសំណាក់ ភ្នំមាស ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ខៀវ ឃឺន អាយុ៧១ឆ្នាំ ជាអនុប្រធានភូមិព្រៃ
បឹង សព្វថ្ងៃស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែក ស្រីស្នេហ៍មានឈ្មោះ ពៅ សាត អាយុ៣២ឆ្នាំ ។
កាលពីវេលាម៉ោងប្រហែល៧ និង៣០នាទីយប់ថ្ងៃទី២៣ តុលា ជនរងគ្រោះ និងស្រីស្នេហ៍ បានមកដេកក្នុងផ្ទះសំណាក់ខាងលើ ។ លុះដល់ម៉ោងប្រហែល៤ទៀបភ្លឺ គាត់បានប្រាប់ស្រីស្នេហ៍ថាដូចមិនសូវស្រួលខ្លួនទេ ហើយក៏ឱ្យស្រីស្នេហ៍ជួយកោសខ្យល់ឱ្យ ។ ពេលនាងកោសខ្យល់រួច ដើរចូលទៅងូតទឹក លុះចេញមកវិញ ក៏ឃើញគាត់ដេកហាមាត់ ហើយនាងក៏ទៅអង្រួនគាត់ តែគាត់មិនមាត់មិនកទេ នាងរត់មកហៅម្ចាស់ផ្ទះសំណាក់ មកជួយមើលទើបដឹងថា គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ មានសមត្ថកិច្ចបានចុះមកពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។ ក្នុងនោះ កម្លាំងបានប្រទះឃើញនៅក្នុងបន្ទប់គាត់ស្នាក់នោះ មានស្រោមអនាម័យប្រើរួចចំនួន២នៅក្នុងធុងសំរាមទៀតផង ៕