ចំណារបដិសេធរបស់ សម្តេចក្រឡាហោម ស ខេង គ្មានការដោះដូរទីតាំងអគារអគ្គស្នងការដ្ឋាននគរបាលជាតិទេ
ភ្នំពេញ៖ លិខិតស្នើសុំដោះដូរអគារអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចុះហត្ថលេខាដោយលោក នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តែទើបបែកធ្លាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ។ ប៉ុន្តែក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤តុលានេះ បានទម្លាយឯកសារដដែល ដែលមានចំណារបដិសេធរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមិនឯកភាពចំពោះសំណើរបស់នាយកឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំដោះដូរទីតាំងអគារអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលចំណារបដិសេធនេះ បានធ្វើឡើងតាំងពីជិត១ឆ្នាំមុន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចារមិនឯកភាពចំពោះសំណើរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលស្នើសុំដោះដូរទីតាំងដី និងអគារ អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅខណ្ឌដង្កោនោះទេ ដែលចំណារនេះបានធ្វើឡើងតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ។
បើតាមនាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបន្ថែមថា មូលហេតុដែលសម្តេចក្រឡាហោម ស ខេង មិនឯកភាពនឹងសំណើសុំដោះដូរទីតាំងអគារ អគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ ក៏ព្រោះតែរដ្ឋមានដី និងថវិកាសម្រាប់ធ្វើកន្លែងថ្មីរួចហើយ។
សូមបញ្ជាក់ថា លិខិតរបស់នាយឧត្ដមសេនីយ៍នេត សាវឿន បានគោរពស្នើសុំសម្ដេចក្រឡាហោមស ខេង តាំងពីចុងខែធ្នូ ឆ្នាំ២០១៧មកម្លេះ ហើយគិតមកដល់ពេលនេះ គឺមានរយៈពេលជិត១ឆ្នាំទៅហើយ។
លិខិតដែលគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទីតាំងអគារអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានសភាពចាស់ទ្រុឌទ្រោមតូចចង្អៀត ខ្វះអគារសម្រាប់កម្លាំងបំពេញការងារប្រចាំថ្ងៃ កន្លែងសម្រាកប្រចាំការ កន្លែងកម្លាំងហ្វឹកហាត់ ឃ្លាំងរក្សាទុកអាវុធ ចំណតរក្សាទុករថយន្ត ឃ្លាំងដាក់សម្ភារៈផ្សេងៗ និងនាយកដ្ឋានមួយចំនួន ដែលចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងបច្ចុប្បន្ននេះក៏មានចំនួនកើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យជួបការលំបាកក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ហើយម្យ៉ាងវិញទៀតនៅពេលកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការម្ដងៗ ច្រកចេញ-ចូលមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។ ដើម្បីងាយស្រួលក្នុងការបំពេញការងារ និងកែសម្រួលទីតាំងឲ្យមានលក្ខណៈសមស្របតាមស្តង់ដារនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមគោរពគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុនLong Ma Invest And Realestate Co,LTD ធ្វើការដោះដូរទីតាំងខាងលើនេះ និងសុំធ្វើប័ណ្ណកម្មសិទ្ធិ មុនធ្វើការអភិវឌ្ឍន៍ជាថ្នូរ នឹងទីតាំងដីរបស់ក្រុមហ៊ុនដែលមានទំហំ៧០.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិខ្នារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សាងសង់អគារអគ្គស្នងការដ្ឋាននគរបាលជាតិទំហំ៣២គុណនឹង៦០ម៉ែត្រ កំពស់១០ជាន់ មានចំនួន១អគារ អគារស្នាក់នៅរបស់កងកម្លាំង២ អគារតាមបទដ្ឋានបច្ចេកទេសលក្ខណៈស្ដង់ដារទាំងគុណភាព និងសោភ័ណភាព ព្រមទាំងបំពាក់សម្ភារៈបរិក្ខាទំនើបៗ និងរៀបចំបណ្ដាញទឹក-ភ្លើង ជណ្ដើរយន្ត ម៉ាស៊ីនត្រជាក់ និងចាក់ដីបំពេញបន្ថែមលើទីតាំងធ្វើរបងជុំខ្លោងទ្វារ ប៉ុស្ដិ៍យាមជូនជាថ្នូរវិញ៕