កម្មករម្នាក់ស្លាប់ ក្រោយពេលនាំស្រីស្នេហ៍ ឡើងផ្ទះសំណាក់ហេងហេង រួមរ័កជាច្រើនដង
ភ្នំពេញ ៖ កម្មករលីសែងអីវ៉ាន់ម្នាក់ បានស្លាប់ ក្រោយពេលរួមរ័កជាមួយគូស្នេហ៍ជាអ្នកលក់សាច់ឆ្កែ ។ ពួកគេទាំង២នាក់ យូរៗម្តង ក៏បានណាត់ជួបគ្នាមកឡើងឋានសួគ៌នៅផ្ទះសំណាក់ ចុងក្រោយខាងប្រុសស្លាប់។ ហេតុការណ៍នេះ កើតឡើងកាលពីយប់រំលងអធ្រាត្រ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បន្ទប់លេខ២០៥ ជាន់ទី២ ក្នុងផ្ទះសំណាក់ហេងហេងបឹងត្របែក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្រុមទី៣០ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់ ឈ្មោះ រុន សារឿន អាយុ៥៨ឆ្នាំ ជាកម្មករលីសែងអីវ៉ាន់ ស្នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកស្រីស្នេហ៍មានឈ្មោះ (ឡ ស ម) អាយុ៤៩ឆ្នាំ មុខរបរជាអ្នកលក់សាច់ឆ្កែ ស្នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ នៅមុនកើតហេតុ ពោលគឺម៉ោង៥ល្ងាច គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ឌុបស្រីស្នេហ៍របស់ខ្លួន មកចូលដេក ផ្ទះសំណាក់យីហោ ហេង ហេង ដោយរួមរ័កជាមួយគ្នាបានសម្រេចមួយលើក ហើយក៏ដេកលក់ដល់ម៉ោង១១យប់។
ក្រោយមក ស្រីស្នេហ៍បានដាស់ប្រុសស្នេហ៍ឲ្យភ្ញាក់ឡើង នាំគ្នាចាកចេញទៅវិញ តែដាស់ច្រើនដងមិនងើប ទើបរត់ចុះក្រោមហៅមេការផ្ទះសំណាក់ ជួយហៅរ៉ឺម៉កកង់បី ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាយ័ន តែអកុសល្យ គ្រូពេទ្យបានប្រាប់ថា ប្រុសស្នេហ៍បានស្លាប់បាត់ទៅហើយ ទើបស្ត្រីខាងលើដឹកសពបុរសរងគ្រោះ មកតម្កល់ទុកនៅវត្តសន្សំកុលស និងរាយការណ៍សមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យតែម្តង។
សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោលស្យវិច័យទៅលើសាកសពបានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែជំងឺគាំងបេះដូង៕