រាល់សំណើរ និងសំណូមពរដោយផ្ទាល់មាត់ ពីសំណាក់ប្រជាពលរដ្ឋ ជាង១០សំណើរ និងសំណូមពរ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣
ភ្នំពេញ៖ រាល់សំណើរនិងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ ជាង១០សំណើរនិងសំណូមពរ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកហួត ហៃ
អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ វេទិកានេះ ប្រជាពលរដ្ឋបានស្នើនិងសំណូមពរឡើងដោយផ្ទាល់មាត់ ចំនួន១១នាក់ ស្មើនិង១៤បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន១៩បញ្ហា ហើយរាល់សំណើរនិងសំណូមទាំងនោះរួមមាន៖ ការសូមអោយអាជ្ញាធរជួយ កាត់ខ្សែភ្លើងធ្លាក់ ជួសជុលផ្លូវ ដាក់លូ ដាក់ភ្លើងស្តុបថ្មី ដាក់ស្លាកសញ្ញាហាមចតនៅមុខសាលា ដាក់ភ្លើងបំភ្លឺសាធារណៈ ការសូមកាត់លះមែកឈើ ការដឹកជញ្ជូនសំរាមចេញពីទីអារាមវត្តទាន់ម៉ោងពេលនិងស្នើសូមប្រមូលជនអាណាថាផងដែរ។
លោកហួត ហៃ បានបញ្ជាក់ថា៖ រាល់សំណើរនិងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ ជាង១០សំណើរ និងសំណូមពរ នៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយចំពោះ សំណើរដែលដោះស្រាយមិនបានភ្លាមៗ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនឹងអោយក្រុមការងារចុះទៅសិក្សារួចទើប ស្នើសុំគោលការសម្រេចពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
ក្នុងឱកាសនោះដែរ លោកហួត ហៃ ក៏បានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋ ដែលមិនបានបង់ថ្លៃសំរាម សូមរួសរាន់មកបង់ថ្លៃសំរាម ដើម្បីអោយរាជធានីភ្នំពេញយើងមានបរិស្ថានល្អ សមជាជាទីក្រុងដែលជាបេះដូងនៃប្រទេស។
លោកម៉ប់ សារិន ក្នុងឱកាសនោះក៏បានមានប្រសាសន៍ដែរថា ការបង្កើតអោយមានវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះឡើង គឺដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។
លោកម៉ប់ សារិន បានបន្តថា អ្វីដែលជាសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយជូនជាបណ្តើរៗហើយ ហើយអ្វីដែលនៅសេសសល់យើងក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលខណ្ឌអស់ហើយដែរ៕