ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្លោះគ្នាពេលផឹកស៊ី យកពូថៅកាប់បុរសម្នាក់រយះក្បាល , ជនដៃដល់គេចខ្លួន៤ថ្ងៃ ត្រូវប៉េអឹមចាប់ខ្លួន

127


កណ្ដាល៖ ករណីឃាតកម្មគិតទុកជាមុន ក្នុងជម្លោះពេលផឹកស៊ី ដោយជនដែដល់ម្នាក់ ប្រើពូថៅកាប់បុរសម្នាក់បណ្តាលឲ្យស្លាប់នោះ កងរាជអាវុធហត្ថខេត្តកណ្ដាល ប្រើប្រាស់រយៈពេល៤ថ្ងៃ ដើម្បីបំបែកសំណុំរឿងមួយនេះ ដោយចាប់បានជនដៃដល់ម្នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល បានប្រាប់ថា ប្រតិបត្ដិជាបន្ដបន្ទាប់នេះ ក៏មានកិច្ចសហការយ៉ាងស្អិតល្មួត ជាមួយ​ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម​ ដោយបានបើការ​ស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេលបួនថ្ងៃ ដែលហេតុការណ៍កើតឡើង នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជា​៥ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល និងចាប់បានជនដៃដល់ នៅថ្ងៃទី២៤​ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញស្រាវជ្រាវរកចាប់បានជនសង្ស័យឈ្មោះ ហេង ស៊ីរ៉ា នៅចំណុចមុខផ្ទះវេរលុយ ទ្រូម៉ាន់នី ជាប់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។


​ជនសង្ស័យដែលចាប់ខ្លួនបាន​ ឈ្មោះ ហេង ស៊ីរ៉ា ​អាយុ៣៦ឆ្នាំ ​មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិបឹងជ្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានដឹកដីចំណុចកើតហេតុ បានប្រើប្រាស់ពូថៅជាអាវុធកាប់ចំក្បាលទៅលើជនរងគ្រោះឈ្មោះ ភាព គឿន​ អាយុ៣១ឆ្នាំ មុខរបរ​ជាងជួសជុសរថយន្ត មានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅក្នុងការដ្ឋានដឹកដីជាមួយគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនដៃដល់ បានសារភាពថា ក្រោយពីខ្លួនមានទំនាស់ពាក្យសំដី ឈ្លោះប្រកែកវាយតប់គ្នា ជាមួយជនរងគ្រោះនៅកន្លែងផឹកស៊ីខាងលើ រូបគេ​ក៏យកពូថៅមកកាប់ក្បាលជនរងគ្រោះតែម្តង ហើយក៏រត់ទៅលាក់ខ្លួននៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងចុងក្រោយលាក់ខ្លួននៅខណ្ឌជ្រោយចង្វា​ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕​

អត្ថបទដែលជាប់ទាក់ទង